ខេត្តបាត់ដំបង ៖ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មី ចំនួន២១៤នាក់ ដែលជាអតីតសកម្មជនមកពីគណបក្សនយោបាយផ្សេងៗ។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណប្រចាំការគណ:កម្មាធិការបក្សខេត្តបាត់ដំបង និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាច្រើននាក់ចូលរួមផងដែរ។
លោក សុខ លូ បានថ្លែងស្វាគមន៍ និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោកបានថ្លែងថា នេះគឹជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដោយការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងមានតែគណបក្ស ប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោកប្រធាន បានលើកឡើងថា កត្តាសំខាន់៣ សម្រាប់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តន៍ រួមមាន៖
*ទី១៖ ក្តាប់ឲ្យជាប់នូវកម្មវិធីរបស់គណបក្សប្រជាជន គោលការណ៍ដឹកនាំរបស់គណបក្ស បង្កើតការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
*ទី២៖ ថែរក្សាឲ្យបានសាមគ្គីឯកភាពផ្ទៃក្នុង របស់គណបក្ស
*ទី៣៖ ក្នុងនាមជាមន្ត្រីគណបក្ស ត្រូវបន្តចូលរួមគាំទ្ររាល់គោលនយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
នៅក្នុងឱកាសនោះដែរ លោកប្រធានក៏បានជំរុញឲ្យសមាជិក-សមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ជាពិសេសបន្តជួយផ្សព្វផ្សាយអំពីសមិទ្ធ ផលនានារបស់គណបក្ស ប្រជាជនកម្ពុជា និងណែនាំឲ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ។
បើតាមការអានសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាដោយ លោក សឿម ប៊ុនរិទ្ធិ ប្រធានគណៈចាត់តាំងគណបក្សខេត្ត បានឲ្យដឹងថា សមាជិកសមាជិកាបក្សដែលបានប្រកាសបញ្ចូលថ្មីមានចំនួន២១៤នាក់ ក្នុងនោះមកពីអតីតគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន១៩៧ នាក់ និងគណបក្សឆន្ទៈខ្មែរ ចំនួន១៧នាក់៕