ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់ របស់ អ.វ.ត.ក., បាន សូមអនុញ្ញាតគោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូល អំពីវឌ្ឍនភាព និងសមិទ្ធផលនានាពាក់ព័ន្ធនឹងការកាត់សេចក្តី របស់ អ.វ.ត.ក. ក្រោយពីបានបញ្ចប់ប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០២២ ពោលគឺបាន ចាយអស់អស់រយៈពេល ១៦ឆ្នាំ ជាមួយនឹងការគាំទ្រនិងទទួលស្គាល់ពីសហគមន៍អន្តរជាតិ ដូច ខាងក្រោម៖
(១). បណ្ណសារតុលាការ មានចំនួនសរុប ២៣៣ ៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង)
(២). កេរដំណែលដ៏ល្អនៅក្នុងសង្គមកម្ពុជា ដោយបានចូលរួមចំណែកពង្រឹងសមិទ្ធផលនៃ សន្តិភាព, ការផ្សះផ្សាជាតិ, ការស្វែងរកការពិត, ការពង្រឹងនីតិរដ្ឋ, និងជាពិសេស ការ ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មដ៏សា ហាវយង់ឃ្នង ដែលបានសម្លាប់រង្គាលនូវជីវិតប្រជាជនកម្ពុជាជាង ៣ លាននាក់ ព្រមទាំងការលើកកម្ពស់ដល់ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃ របបដ៏សាហាវយង់ឃ្នងនេះ ។
និង(៣). បានចូលរួមចំណែកដោយផ្ទាល់ដល់កំណែទម្រង់វិស័យច្បាប់និងយុត្តិធម៌ តាមរយៈ ការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្ត្រីតុលាការនិងមន្ត្រីច្បាប់ ដូចជាការ ផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធជាច្រើនពីអ.វ.ត.ក. ទៅដល់ប្រព័ន្ធ តុលាការជាតិនិងទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ជាក់ស្តែង គំរូរដ្ឋបាល តុលាការរបស់ អ.វ.ត.ក. ត្រូវបានយកមកបង្កើត និងបាននិងកំពុងដាក់ឱ្យអនុវត្តនៅ ក្នុងប្រព័ន្ធតុលាការជាតិសព្វថ្ងៃ។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បន្តថា ៖ ជាងនេះទៅទៀត, គំរូតុលាការកូនកាត់របស់ អ.វ.ត.ក. នេះ មិនត្រឹមតែសម្រេចបានទៅតាម គោលដៅរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបង្កើតនូវ លក្ខណៈដោយឡែក (Uniqueness) យ៉ាង ហោចចំនួន ៥ បើប្រៀបធៀបទៅនឹងតុលាការអន្តរជាតិផ្សេងៗទៀត ពោលគឺ៖
(១). បានកាត់សេចក្តីនិងផ្តន្ទាទោសអស់មួយជីវិតទៅលើអតីតប្រមុខរដ្ឋចំពោះឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ ចាប់តាំងពីការបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការបង្ការអំពើប្រល័យពូជសាសន៍ នៅឆ្នាំ១៩៤៨មក។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
(២). បានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមក្នុងកិច្ចដំណើរការនីតិវិធីច្បាប់ ក្នុងនាមជាដើមបណ្ដឹង រដ្ឋប្បវេណី ដែលជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ បើប្រៀបធៀបទៅនឹងតុលាការព្រហ្ម ទណ្ឌអន្តរជាតិផ្សេងៗទៀត។
(៣). បានធ្វើការផ្សព្វផ្សាយដោយផ្ទាល់ទៅដល់អ្នកចូលរួមជាង ៦៥០ ០០០ នាក់ តាមរយៈ ការអនុញ្ញាតឱ្យប្រជាពលរដ្ឋនិងជនរងគ្រោះមកតាមដានដោយផ្ទាល់សវនាការជំនុំជម្រះក្តី និងការរៀបចំឱ្យមានការធ្វើទស្សនកិច្ចសិក្សានៅក្នុងអំឡុងពេលដំណើរការកាត់សេចក្តី។
(៤). ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងការរក្សាបានយ៉ាងពេញលេញនូវអធិបតេយ្យភាពរបស់ កម្ពុជា តាមរយៈភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំ។ ជាងនេះទៀត ប្រទេសមួយចំនួន រួមមាន បង់ក្លាដែស ស្រីលង្កា កេនយ៉ា សេណេហ្គាល់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានមក សិក្សាយកគំរូកូនកាត់នេះ ទៅរៀបចំនិងបង្កើតជាតុលាការស្រដៀងគ្នានេះ ដើម្បីវិនិច្ឆ័យ ទៅលើឧក្រិដ្ឋកម្មប្រល័យពូជ-សាសន៍ និងឧក្រិដ្ឋកម្មសាហាវយង់ឃ្នង។ និង(៥). បានចំណាយថវិកាអស់តិចជាងគេ ក្នុងនោះភាគីជាតិចំណាយអស់ប្រហែល មួយភាគបួន (១/៤) និង ភាគីអន្តរជាតិចំណាយអស់ប្រហែលបីភាគបួន(៣/៤) បើប្រៀបធៀបទៅនឹង តុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងៗទៀត ដែលបានចំណាយថវិកាអស់ចន្លោះពី ៨០-១០០ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ចាប់ពីឆ្នាំ២០០៦ ដល់ ២០២៣ អ.វ.ត.ក. បានចំណាយ អស់ថវិកាចំនួនសរុប ប្រមាណ ៤០៧លានដុល្លារអាម៉េរិក ក្នុងនោះថវិការួមចំណែកពីសហ គមន៍អន្តរជាតិមានចំនួន ២៩៣លានដុល្លារអាម៉េរិក (ស្មើនឹង៧២%), ថវិកាផ្ទាល់ពី អ.ស.ប. មានចំនួន ៦៧លានដុល្លារអាម៉េរិក (ស្មើនឹង១៦%), និង ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល មានចំនួន ៤៧លានដុល្លារអាម៉េរិក (ស្មើនឹង១២%)។
លោក វង្សី វិស្សុត បានជម្រាបជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ទៀតថា ៖ ទោះបីជា ដំណើរការជម្រះក្តីរបស់ អ.វ.ត.ក. ត្រូវបានបិទបញ្ចប់ជាស្ថាពររួចហើយ, ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិបានបន្តផ្តល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក.
ដោយអនុលោមតាម «កិច្ចព្រមព្រៀងបន្ថែមស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានឯកភាពគ្នាកាលពីឆ្នាំ ២០២១ ដែលរួមមានកិច្ចការ គតិយុត្តមួយចំនួន រួមទាំង ការតាមដានការអនុវត្តទោសរបស់ពិរុទ្ធជននៅពន្ធនាគារ, ការថែរក្សាទុកនិងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដាអន្តរជាតិ និងការផ្សព្វផ្សាយ ព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន និងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែលពាក់ព័ន្ធនឹងបណ្ណសាររបស់ខ្លួន សម្រាប់ឱ្យសាធារណជនអាចចូលមើលនិងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ទន្ទឹមនេះ មជ្ឈមណ្ឌលធនធាន បាននិងកំពុងដាក់ឱ្យដំណើរការសម្រាប់សាធារណជនប្រើ ប្រាស់ពាក់នឹងកិច្ចការច្បាប់និងកិច្ចការស្វែងរកយុត្តិធម៌នានា ដូចជា (ទី១). បណ្ណាល័យនិង កន្លែងស្រាវជ្រាវ (ទី២). និហិតដ្ឋានបណ្ណសារ (Archives Repository) (ទី៣). បន្ទប់ប្រើ ប្រាស់ពហុបំណងសម្រាប់រៀបចំសិក្ខាសាលានិងតុលាការគ្រាប់ (Moot Court) និង (ទី៤). គេហ ទំព័រថ្មីមានលក្ខណៈអន្តរសកម្ម (Interactive Features) ដែលផ្ទុកព័ត៌មានស្តីពីការស៊ើបអង្កត និងអង្គហេតុជំនុំជម្រះក្តីទាំងអស់។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលធនធាននេះបាននិងកំពុងបន្តអភិវឌ្ឍ និងសាងសង់ ១). បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ នៃរបបខ្មែរក្រហម និងសាលតាំង ពិព័រណ៍អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់កត្តិយសដ៏ ខ្ពង់ខ្ពស់នឹងបញ្ចុះបឋមសិលានាថ្ងៃនេះ, និង ២). ឧទ្យានសម្រាប់ការចងចាំ ដែលគ្រោងនឹងបញ្ចប់ការ សាងសង់នៅឆ្នាំ២០២៥។ សម្រាប់ការសាងសង់គម្រោងទាំងពីរខាងលើនេះនឹងចំណាយ ថវិកា អស់ ប្រមាណ ៤៦០ ០០០ ដុល្លារអាម៉េរិក ហើយភាគីអន្តរជាតិនៃ អ.វ.ត.ក. នឹងទទួលរ៉ាប់រងចំណាយ ទាំងស្រុងលើការបំពាក់ប្រព័ន្ធបច្ចេកវិទ្យា ឧបករណ៍ និងសម្ភារទាំងអស់ ដើម្បីឱ្យគម្រោងខាងលើ អាចដំណើរការបានប្រកបដោយលក្ខណៈស្តង់ដារ។
ជាមួយគ្នានេះ, បន្ទាប់ពីបានបញ្ចប់ការកាត់សេចក្តី របស់ អ.វ.ត.ក. ប្រកបដោយជោគជ័យ កាលពីចុងឆ្នាំ២០២២មក, ចាប់តាំងពីដើមឆ្នាំ២០២៣ អ.វ.ត.ក. បាននិងកំពុងអនុវត្តមុខងារ សេសសល់ ដែលមានអាណត្តិបីឆ្នាំដំបូងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៥ ផ្អែកតាមផែនការគ្រោង ទុក។ ទន្ទឹមនេះ ជាញឹកញាប់មានការលើកឡើងជាសំណួរថា « តើមានយន្តការអ្វី បន្តថែរក្សាសមិទ្ធ ផលនិងកេរដំណែលរបស់ អ.វ.ត.ក. ក្រោយពីការបញ្ចប់មុខងារសេសសល់របស់ខ្លួន និងក្រោយ ពេលដែលពិរុទ្ធជន ខៀវ សំផន ដែលកំពុងអនុវត្តទោសអស់មួយជីវិតបានស្លាប់»?។ ផ្អែកលើឧត្ត មានុវត្តរបស់តុលាការដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (អ.ស.ប.) ដូចជា តុលាការព្រហ្ម ទណ្ឌអន្តរជាតិនៅយូហ្គូស្លាវី, តុលាការព្រហ្មទណ្ឌអន្តរជាតិនៅរវ៉ាន់ដានិងតុលាការពិសេសសេឡារ៉េ អូន ក្រោយពេលបញ្ចប់យុត្តាធិការកាត់សេចក្តីជាស្ថាពររួចហើយ ភាគី អ.ស.ប. តែងតែជួយបង្កើត ឱ្យមានស្ថាប័នមួយដែលមាននិរន្តរភាពនិងស្វយ័តភាពដើម្បី បន្តទទួលខុសត្រូវលើការថែរក្សាទុក និងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់សម្រាប់បម្រើឱ្យការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងការស្រាវជ្រាវជាលក្ខណៈអន្តរជាតិ។
លោកបន្តថា ៖ ដើម្បីគោរពជម្រាបថា កម្ពុជា គឺជា ប្រទេសទី១មុនគេ ដែលបាន ទាមទារស្នើសុំបង្កើតតុលាការកូនកាត់ដំបូងជា «ម៉ូដែល អ.វ.ត.ក. នៅក្នុងប្រទេសរបស់ខ្លួន ដែលមានឧក្រិដ្ឋកម្មកើតឡើង ហើយដំណើរការកាត់សេចក្តីទទួលបានជោគជ័យ និងមានការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ ឈរលើស្មារតីនេះ, កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីជំនួបពិភាក្សាការងារជាមួយលោកជំទាវ Alice Wairimu Nderitu អគ្គលេខាធិការរង អ.ស.ប. និងជាទីប្រឹក្សាពិសេសទទួលបន្ទុកការបង្ការអំពើប្រល័យពូជសាសន៍, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលនឹងបង្កើតវិទ្យាស្ថានមួយ ដើម្បីចងក្រង គ្រប់គ្រងឯកសារ និងជាមជ្ឈមណ្ឌលស្រាវជ្រាវ ចែករំលែកការយល់ដឹង និងផ្តល់ព័ត៌មានដល់អ្នក ជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីជាការស្វែងយល់បន្ថែមអំពីអំពើ ប្រល័យពូជសាសន៍ ក៏ដូចជាជោគជ័យ និងដំណើរការនៃ អ.វ.ត.ក.» ។ ក្រោយពីការប្រកាសនេះ លោកជំទាវ អគ្គលេខាធិការរង អ.ស.ប. តាងនាមឱ្យឯកឧត្តម អគ្គលេខាធិការ អ.ស.ប. បានគាំទ្រ ទាំងស្រុងដល់រាជរដ្ឋាភិបាលដែលគ្រោងបង្កើតវិទ្យាស្ថានកេរដំណែលរបស់ អ.វ.ត.ក. និងបាន បញ្ជាក់ថា អ.ស.ប. នឹងចូលរួមនៅក្នុងដំណើរការបង្កើតវិទ្យាស្ថានខាងលើ ព្រមទាំងស្នើឱ្យប្រទេស ជាមិត្តរបស់ អ.វ.ត.ក. ចូលរួមគាំទ្រដែរ។
នៅចុងបញ្ចប់, ខ្ញុំសូមបញ្ជាក់នូវការដឹងយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន, វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន, ឯកឧត្តមអគ្គលេខាធិការអង្គការ សហប្រជាជាតិ, ចៅក្រម និងបុគ្គលិកនៃ អ.វ.ត.ក. ព្រមទាំងដៃគូអភិវឌ្ឍ ដែលបានខិតខំប្រឹង ប្រែងធ្វើឱ្យ អ.វ.ត.ក.
ដំណើរការដោយជោគជ័យ។ ជាចុងក្រោយនេះ ខ្ញុំបាទសូមគោរពជូនពរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងអង្គពិធីទាំងមូល សូមសម ប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តន៍ កុំបី ឃ្លៀងឃ្លាតឡើយ៕