ឯកឧត្ដម កើត ឆែ ៖ ស្នើឱ្យមន្ត្រីត្រូវប្រើប្រាស់ថវិកាជាតិ ឱ្យដូចប្រើប្រាស់ថវិកានៅក្នុងគ្រួសារ និងកុំបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យ មន្ត្រីចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រើប្រាស់ថវិកាជាតិ ឱ្យដូចការប្រើប្រាស់ថវិកានៅក្នុងគ្រួសារ និងកុំបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តគម្រោង ដូចជាការជីកដាក់លូ ទុកចោល និងការដាក់ខ្នោះលូនៅមុខផ្ទះប្រជាពលរដ្ឋយូថ្ងៃជាដើម ។
ឯកឧត្ដម កើត ឆែ បានស្នើបែបនេះ ខណៈឯកឧត្ដមតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៥-២០២៧ និងនីតិវិធី បច្ចេកទេស នៃការរៀបចំគម្រោងថវិកា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកស្រីកែវ រ័ត្នតារា សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក សារឿន សុកូល អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្ដម កើត ឆែ បានបញ្ជាក់ថា៖ ក្នុងនាមជាមន្ត្រីចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រើប្រាស់ថវិកាជាតិ ឱ្យដូចការប្រើប្រាស់ថវិកា នៅក្នុងគ្រួសារ។ កុំបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តគម្រោង ដូចជា ការជីកដាក់លូទុកចោល និងការដាក់ខ្នោះលូ នៅមុខផ្ទះប្រជាពលរដ្ឋយូថ្ងៃជាដើម។ ជាធម្មតាបើប្រទេសជាតិ មិនរីកចំរើន សង្គមគ្រួសារក៏មិនរីកចម្រើនដូចគ្នា។ យើងជាកោសិកាសង្គម ដូច្នេះយើងត្រូវរួមគ្នាធ្វើឱ្យ សង្គមយើងរីកចម្រើន ។
ឯកឧត្ដម កើត ឆែ បានបញ្ជាក់ថា៖ គោលបំណង នៃការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីបញ្ជ្រៀប
នូវ ចំណេះដឹងពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅ ពង្រឹងសមត្ថភាពដល់មន្ត្រីហិរញ្ញវត្ថុ នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ឱ្យស្វែងយល់ បន្ថែមអំពីនីតិវិធីបច្ចេកទេស ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា២០២៥-២០២៧ និងការរៀបចំផែនការ ថវិកាប្រចាំឆ្នាំ២០២៥ ព្រមទាំងការអនុវត្តថវិកាប្រចាំឆ្នាំផងដែរ ជាពិសេសការពន្លឿនអនុវត្ត លទ្ធកម្មសំណង់ របស់រដ្ឋបាលសង្កាត់ ដែលកន្លងមកមានភាពយឺតយ៉ាវ។
ឯកឧត្ដមបន្តថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយ ដ៏សំខាន់ នៃការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ សំដៅធានានូវការគ្រប់គ្រង និងចាត់ចែងថវិកា ឱ្យចំទិសដៅ និងទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក ជាដំណាក់កាលៗ នៃសសរស្តម្ភកំណែទម្រង់នោះគឺ ភាពជឿទុកចិត្ត នៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ និងថវិកាសមិទ្ធកម្ម។
ឯកឧត្ដមបន្ថែមទៀតថា គិតត្រឹមឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានី ខេត្តទាំង២៥ កំពុងអនុវត្តថវិកាកម្មវិធី ហើយ រដ្ឋបាលខណ្ឌទាំង១៤ ក៏បានអនុវត្តថវិកាកម្មវិធីផងដែរ។ សម្រាប់ការរៀបចំគម្រោងថវិកាឆ្នាំ២០២៥,ឯកឧត្ដមបាន ស្នើឱ្យទីចាត់ការហិរញ្ញវត្ថុពិនិត្យ និងសិក្សាអំពីលទ្ធភាពចំណូលរបស់រដ្ឋបាលរាជធានីភ្នំពេញ មុននឹងរៀបចំគម្រោងចំណាយ។ ត្រូវយកចិត្ត ទុកដាក់ក្នុងការធ្វើអាទិភាវូបនីយកម្មចំណាយ។ ត្រូវរៀបចំគម្រោង ថវិកាលម្អិត ឱ្យបានរួសរាន់ រួចត្រូវដាក់ឆ្លងក្រុមប្រឹក្សាខណ្ឌ ដើម្បីអនុម័ត មុននឹងបញ្ជូនមករដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្ដម កើត ឆែ បានបន្តទៀតថា៖ ថវិកាគឺអាចប្រៀបដូចជា កាំបិតមុខពីរ បើយើងសំលៀងកាំបិតត្រូវ និងមុតល្អ ហើយប្រើប្រាស់ឱ្យចំ មុខងារនៃកាំបិតនោះ គឺប្រៀបដូចយើងគ្រោងថវិកាបានត្រឹមត្រូវ និងប្រើប្រាស់ថវិកានោះដោយមានយន្តការច្បាស់លាស់ នោះយើងនឹងទទួលបាន លទ្ធផលការងារល្អគួរជាទីគាប់ចិត្ត និងការសាទរពីប្រជាពលរដ្ឋថែមទៀត។ ប៉ុន្តែ ប្រសិនបើ ការរៀបចំគម្រោងថវិកាបានល្អរួច តែបែរជាគ្មានការរៀបចំយន្តការការងារ ការ បញ្ចៀសនូវផលប៉ះពាល់ ការជូន ដំណឹងដល់ប្រជាពលរដ្ឋ និងកាលវិភាគការងារច្បាស់លាស់នោះទេ វានឹងបង្កឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ការធ្វើដំណើរ និងការប្រកបរបរអាជីវកម្មប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយជាលទ្ធផល យើងនឹងទទួលបានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងអាចឈានដល់ការរិះគន់ថា ការប្រើប្រាស់ថវិកា រដ្ឋគឺមិនចំគោលដៅ និងខ្ជះខ្ជាយដូចកញ្ជើធ្លុះទៅវិញ ៕ . ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print