ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន យកមកសាកសួររហូតបញ្ចប់នីតិវិធី និងបានបង្ហាញមុខជាសាធារណៈផងដែរ។
ប្រភពដដែលបន្តថា ដោយអនុវត្ដតាមគោលការណ៍ណែនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានយកចិត្ដទុកខ្ពស់ជម្រុញឱ្យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ឱ្យបន្ដចុះសហការដឹកនាំលេីវិធានការបង្រ្កាប ៖
១-នៅមូលដ្ឋាន អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយចចិប បានចុះល្បាតលើផ្លូវបេតុងក្នុងភូមិជ្រៃ ឃុំស្វាយចចិប ស្រុកបសេដ្ឋ បានឃាត់នឹងត្រួតពិនិត្យឆែកឆេរលើឈ្មោះ អ៊ុំ រិ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជ្រៃ ឃុំស្វាយចចិប ដកហូតម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន០១កញ្ចប់ ឈ្មោះខាងលើបានសារភាពថា ខ្លួនបានទិញសារធាតុញៀននេះពីឈ្មោះ ញ៉ ទូច ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិឬស្សីយុល ឃុំ ស្វាយចចិប ដោយបានការឯកភាពសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ កម្លាំងបន្ដធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ញ៉ ទូូច រកឃើញដកហូតម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៦កញ្ចប់ (មធ្យម០១កញ្ចប់ តូច១៥កញ្ចប់) ទូរស័ព្ទដៃ០២គ្រឿង ដាវ ០១ដើម និងថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
២-នៅចំណុចភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ១នាក់ ឈ្មោះ សេត ម៉ាហ្វីន ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ដកហូតម្សៅក្រោមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២កញ្ចប់តូច, ម៉ូតូ ១គ្រឿង, ទូរស័ព្ទដៃ១គ្រឿង ឈ្មោះ សេត ម៉ាហ្វីន បានឆ្លើយសារភាពថា គ្រឿងញៀន២កញ្ចប់បានមកពីឈ្មោះ ហ៊ុន យ៉ាត ភេទស្រី អាយុ ៥១ឆ្នាំ នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ក្រុមប្រតិបត្តិការបានបន្តឃាត់មុខសញ្ញាបាន ៤នាក់ ៖ ១-ឈ្មោះ ហ៊ុន យ៉ាត ភេទ ស្រី អាយុ ៥១ឆ្នាំ ២-ឈ្មោះ មាស រីណា ភេទ ស្រី អាយុ ២៤ឆ្នាំ អ្នកទាំង ២នាក់ នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៣-ឈ្មោះ ខិន វណ្ណដែក ភេទ ប្រុស អាយុ ២១ឆ្នាំ នៅភូមិវាលតូច ឃុំអណ្តូងប៉ូត ស្រុកបារាយណ៏ ខេត្តកំពង់ធំ ៤-ឈ្មោះ ណុប សុភា ភេទ ប្រុស អាយុ ១៨ឆ្នាំ នៅភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៦កញ្ចប់តូច, ម៉ូតូចំនួន ២គ្រឿង និង ទូរស័ព្ទដៃចំនួន ៣គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នករណីទាំងពីរ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕អរុណរះ