ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ជ្រាបថានៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខ ១០៩៦ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដែលបង្កដោយក្មេងទំនើងចំនួន០៣នាក់ គឺ៖ ១.ឈ្មោះ ស៊ឹង បញ្ញា ភេទប្រុស កើតឆ្នាំ២០០៩ អាយុ១៤ឆ្នាំ សញ្ជាតិខ្មែរ (មានខ្លួន) ២.ឈ្មោះ ចេន ហេងលី ភេទប្រុស កើតឆ្នាំ២០០៨ អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ (មានខ្លួន) ២.ឈ្មោះ ច្រារ សុខលាភ ហៅប្រេវ ភេទប្រុស កើតឆ្នាំ២០០៩ អាយុ១៤ឆ្នាំ សញ្ជាតិខ្មែរ (មានខ្លួន) ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “ហិង្សាដោយចេតនាស្ថានទម្ងន់ទោស” កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ ប្រព្រឹត្តនៅចំណុចវត្តថ្មី ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បទល្មើសមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីបានធ្វើនីតិវិធីលើជនត្រូវចោទទាំង ៣នាក់ និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នលេខ៖ ១០៥០ ,១០៥១,១០៥២ ព្រ.ទង ២៤ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លើឈ្មោះ ស៊ឹង បញ្ញា, ឈ្មោះ ចេន ហេងលី និង ឈ្មោះ ចោរ សុលាភ ហៅប្រេវ ដើម្បីយកមកចាត់ការបន្តតាមនីតិវិធីច្បាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕ដោយ៖តារា