ភ្នំពេញ÷មន្រ្តីសុខាភិបាលនៃកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម អំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបញ្ជូនអ្នក ជំងឺគ្រុនឈាមមកព្យាបាលឲ្យបានទាន់ពេលវេលា ព្រោះជំងឺនេះអាចបង្កឱ្យមនុស្សស្លាប់បាន ខណៈជំងឺ គ្រុន ឈាមកំពុងតែផ្ទុះការកើនឡើងនារដូវភ្លៀងធ្លាក់នេះ ។
ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួង សុខាភិបាល លោក លាង ឫទ្ធា បានឱ្យដឹងថា ក្នុងរយៈ ពេល៦ខែឆ្នាំ២០២៤នេះ ជំងឺគ្រុនឈាមបានកើនឡើងរហូតដល់ជាង ៦ពាន់៧០០ករណី កើនឡើងជាង ១៥% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ កន្លងទៅ និងបណ្តាលឱ្យមានអ្នកជំងឺស្លាប់ថែមទៀត ដោយសារការបញ្ជូនមកមន្ទីរពេទ្យមានការយឺតយ៉ាវ។
លោក លាង ឫទ្ធា បានបញ្ជាក់ថា មួយរយៈចុងក្រោយបន្ទាប់ពីចូលដល់រដូវមានភ្លៀងធ្លាក់មក នេះជំងឺគ្រុនឈមមានការកើនឡើងខ្លាំងនៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តសៀមរាប,ក្រចេះត្បូងឃ្មុំ និងកំពង់ចាម ជាដើម។ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមរូបនេះបានពន្យល់ថា ការកើនឡើងករណីជំងឺគ្រុន ឈាម រហូតដល់ជាង ១៥% នេះ បណ្តាលមកពីឆ្នាំនេះជាឆ្នាំដែលដល់វដ្ដនៃផ្ទុះជំងឺគ្រុនឈាមដែលតែងតែកើតឡើងចន្លោះ ៤ ទៅ ៥ ឆ្នាំម្តង ខណៈមានការផ្ទុះជំងឺគ្រុនឈាមច្រើនកាលពីឆ្នាំ ២០១៩ ។
លោកវេជ្ជបណ្ឌិត លាង ឫទ្ធា បានអំពាវនាវឱ្យពលរដ្ឋទូទាំងប្រទេសចូលរួមនិងបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមរយៈការសម្អាតជុំវិញផ្ទះ ឬកន្លែងប្តូរកង់ឡាន កុំឱ្យដក់ទឹក និងត្រូវបញ្ជូនអ្នកជំងឺដែលមានអាការក្តៅខ្លួនមកមន្ទីរពេទ្យរដ្ឋជាចាំបាច់ មិនត្រូវធ្វើការព្យាបាលជំងឺដោយខ្លួនឯង ឬជាមួយពេទ្យឯកជនដែលមិនមានជំនាញច្បាស់លាស់នោះទេ ព្រោះអាចធ្វើឱ្យកូនចៅលោកអ្នកស្លាប់បាត់បង់ជីវិតបាន៕