ភ្នំពេញ៖ បុរសជាជនពិការម្នាក់ ស្នាក់អាស្រ័យនៅក្នុងវត្តតាំងក្រសាំងខាងជើង ខណៈកំពុងអង្គុយលេងទូរស័ព្ទនៅក្បែរមាត់ស្រះក្នុងវត្តស្រាប់តែរអិលដាច់ផ្ញារក្រោយធ្លាក់ចូលក្នុងស្រះលង់ទឹកលិចបាត់ទៅ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងវត្តតាំងក្រសាំងខាងជើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ដែលបានលង់ទឹកស្លាប់នោះមានឈ្មោះ សុខ វណ្ណៈ អាយុជាង២០ឆ្នាំ ជាជនពិការ ស្វិតជើងខាងស្តាំ ស្នាក់នៅសាលាបាលី ក្នុងវត្តទីតាំងកើតហេតុខាងលើនិងមានស្រុកកំណើតនៅខេត្តកំពង់ចាម ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសរូបនេះបានមកអង្គុយលេង
ទូរស័ព្ទលើខឿនមាត់ស្រះ ហើយក៏បានរអិលជើងដាច់ផ្ងារទៅក្រោយធ្លាក់ចូលក្នុងទឹកលិចបាត់តែម្តង ។
តាមព័ត៌មានឱ្យដឹងទៀតថា មុនដំបូងមានមនុស្ស២នាក់បានឃើញហេតុការណ៍នេះតែពុំហ៊ានចុះជួយឡើយ ។ ក្រោយមកគេឃើញជនរងគ្រោះអណ្តែតទៅកណ្តាលហែលទឹកខ្វៃៗរួចក៏លិចបាត់ទៅ។ ភ្លាមៗនោះបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋនាំគ្នាជួយរាវរកតែរកពុំឃើញឡើយ ។
ប្រភពបានឱ្យដឹងទៀតថា ជនរងគ្រោះ ដើមឡើយគាត់បានមកស្នាក់អាស្រ័យនៅក្នុងចេតីយ ហើយត្រូវបានព្រះសង្ឃហៅអោយទៅស្នាក់នៅក្នុងសាលាបាលី តែអកុសលក៏បានជួបគ្រោះថ្នាក់លង់ទឹកស្លាប់បែបនេះ ។
គួរបញ្ជាក់ថា ស្រះទឹកវត្តតាំងក្រសាំងខាងជើងនេះមានជម្រៅប្រមាណ៥ម៉ែត្រ កន្លងមកធ្លាប់មានព្រះសង្ឃមួយអង្គបានលង់ទឹកលិចបាត់រហូតដល់អណ្តែតសពទើបបង្កអោយមានការភ្ញាក់ផ្អើល។ លើកនេះជនពិការម្នាក់ទៀតក៏បានលង់ទឹកលិចបាត់ រហូតដល់ល្ងាចថ្ងៃដដែលសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងក្រុមសង្គ្រោះ911ដើម្បីជួយអន្តរាគមន៍ស្វែងរកសាកសពរហូតដល់ម៉ោង៨និង៥០នាទីយប់ថ្ងៃដដែលទើបក្រុមសង្គ្រោះបានរកឃើញសាកសពខាងលើ ។
បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចមូលដ្ឋានធ្វើឯកសារប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ជ្រោយពេជ្រ