សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខ ផ្ញើជូន លោកស្រី ស៊ាង សូឌី ព្រមទាំងក្រុមគ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតរំលែកមរណទុក្ខ

ផ្ញើជូន លោកស្រី ស៊ាង សូឌី ព្រមទាំងក្រុមគ្រួសារ

លោកស្រី ព្រមទាំងក្រុមគ្រួសារ ជាទីរាប់អាន!

ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឧបាសក ស៊ាង ស្រេង ជាឪពុករបស់ លោកស្រី និងធ្លាប់ជាគ្រូបង្រៀនរបស់ខ្ញុំផ្ទាល់ នាអំឡុងពេលខ្ញុំកំពុងរៀន នៅមធ្យមសិក្សា លោកបានទទួលមរណភាព នៅថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០ទៀបភ្លឺ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ព្រោះថាការបាត់បង់ ឧបាសក ស៊ាង ស្រេង គឺជាការបាត់បង់នូវលោកឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយ សង្គហធម៌ និងព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយទាំងអស់ ពិសេស គឺជា ការបាត់បង់នូវធនធានបញ្ញវ័ន្តដ៏ល្អឆ្នើមមួយរូប ដែលពោរពេញដោយចំណេះដឹង គុណធម៌ ដោយបានរួមចំណែក យ៉ាងសំខាន់ ក្នុងការអប់រំបណ្តុះបណ្តាល រហូតទទួលបាននូវការគោរពស្រលាញ់ពីសំណាក់សិស្សានុសិស្ស ជាច្រើន ហើយក៏ជាពុទ្ធសាសនិកគំរូល្អមួយរូប ដែលតែងតែបានលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនា នៃយើងជារៀងរហូតមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ស៊ាង ស្រេង សូមឆាប់បានយោន យកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print