ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូជិះម៉ូតូដឹកគ្នាទៅមន្ទីរពេទ្យដើម្បីសម្រាលកូន តែមិនទាន់ទៅដល់មន្ទីរពេទ្យផង ស្រ្តីជាប្រពន្ធបានសម្រាលនៅលើម៉ូតូ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាមកជួយសង្គ្រោះបឋម ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបុរសជាប្តីបានប្រាប់អោយដឹងថា គាត់កំពុងធ្វើសំណង់ដូចសព្វមួយដងនៅការដ្ឋានមួយកន្លែងខណៈនោះគាត់ទទួលបានទូរស័ព្ទពីប្រពន្ធថា ប្រពន្ធគាត់ជិតគ្រប់ខែសម្រាលកូនហើយ ។ ភ្លាមៗនោះគាត់បានសុំច្បាប់មេ ទៅយកប្រពន្ធដើម្បីទៅសម្រាលនៅមន្ទីរពេទ្យ ប៉ុន្តែនៅអំឡុងពេលឌុបប្រពន្ធ ធ្វើដំណើរទៅមន្ទីរពេទ្យក៏ស្រាប់តែប្រពន្ធរបស់គាត់ឈឺពោះសម្រាលកូននៅលេីម៉ូតូបាត់ទៅហើយ ទើបភ្លាមៗនោះគាត់ឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវអោយបងប្អូនប្រជាពលរដ្ឋមកជួយសង្គ្រោះ នឹងបន្តទាក់ទងទៅរថយន្តសង្គ្រោះ ។
ក្រោយកើតហេតុ ម្តាយនិងកូនប្រុសត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីមើលថែទាំអោយទារកមានសុខភាពល្អផងដែរ ៕ដោយ រ៉ារ៉ា