រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី នីតិវិធីគ្រប់គ្រង និងអនុវត្តថវិកាសម្រាប់យុទ្ធនាការជំរុញការចុះបញ្ជីដីធ្លី លើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញអនុក្រឹត្យ ស្តីពី នីតិវិធីគ្រប់គ្រង និងអនុវត្តថវិកាសម្រាប់យុទ្ធនាការជំរុញការចុះបញ្ជីដីធ្លី លើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងនោះ សម្រេច ៖

មាត្រា១..អនុក្រឹត្យនេះ មានគោលបំណងគាំទ្រដល់ការអនុវត្តផែនការគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញអនុវត្តយុទ្ធនាការបង្ហើយការ ចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងរយៈពេលពី ២ ទៅ ៤ ឆ្នាំ។

មាត្រា២..អនុញ្ញាតឱ្យព្យួរការអនុវត្តការគ្រោង ប្រមូល និងការកត់ត្រាចំណូលពីកម្រៃសេវាសុរិយោដីនៃការ ចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ នៅរដ្ឋបាលរាជធានី ខេត្ត ដោយប្រគល់ភារកិច្ចអនុវត្ត ការគ្រោង ប្រមូល និងការកត់ត្រា ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងក្របខ័ណ្ឌនៃ ថវិកាថ្នាក់ជាតិ ចាប់ពីអនុក្រឹត្យនេះចូលជាធរមាន រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧។

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ តទៅ ការគ្រោង ប្រមូល និងការកត់ត្រាចំណូលពីកម្រៃសេវា សុរិយោដី ដូចខាងលើនេះ នឹងត្រូវអនុវត្តដោយរដ្ឋបាលរាជធានី ខេត្ត វិញ តាមនីតិវិធីជាធរមាន។

មាត្រា៣..ចំណូលពីកម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ដែល ប្រមូលបាននេះ ត្រូវបានចោះក្រវិលសម្រាប់រ៉ាប់រងសោហ៊ុយចំណាយលើការចុះបញ្ជីដីធ្លីលើកដំបូងដែល មានលក្ខណៈជាប្រព័ន្ធ។

មាត្រា៤..ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែល មានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យចេញដោយក្រសួងផែនការ រដ្ឋទទួលបន្ទុកលើកម្រៃសេវា សុរិយោដីជំនួស សម្រាប់ការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ។

មាត្រា៥..ការកំណត់កម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ដូចមាន ចែងក្នុងមាត្រា២ ព្រមទាំងវិធាននិងនីតិវិធីនៃការអនុវត្តចំណូលនិងចំណាយថវិកានៃការចុះបញ្ជីដីធ្លីលើក ដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ទាំងថវិកាដែលមានប្រភពពីកម្រៃសេវាសុរិយោដី ទាំងប្រភពថវិកាជាតិ ដូចមានចែងក្នុងមាត្រា៣ និងមាត្រា៤ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា៦..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា៧..រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សុខ ខេមរា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print