ខេត្តកណ្តាល ៖ នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រម ទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុម ការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ១៣៤ ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៤គ្រឿង ដឹកថ្ម មានបំពាក់ឡូហ្គូ CT និង UBL ក្នុងនោះយានយន្តចំនួន ០១គ្រឿង ដឹកលេីសក្នុងកម្រិតអនុគ្រោះ ត្រូវបានអនុញ្ញាតឱ្យបន្តដំណេីរទៅមុខ ចំណែកយានយន្តចំនួន ០៣គ្រឿងទៀត បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ៦-១៣ តោន គិតជាភាគរយគឺលេីសចន្លោះពី៣០%-៤០%នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ១ឆ្នាំ ចំនួន ០១គ្រឿងដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
គួរបញ្ជាក់ថា ទម្ងន់ដឹកជញ្ជូនអតិបរមា លេីបណ្តាញផ្លូវថ្នល់ តាមប្រភេទយានយន្តដូចខាងក្រោម៖
- យានយន្តភ្លៅ ២ ទម្ងន់អនុញ្ញាត ១៦តោន
- យានយន្តភ្លៅ ៣ ទម្ងន់អនុញ្ញាត ២៥តោន
- យានយន្តភ្លៅ ៤ ទម្ងន់អនុញ្ញាត ៣០តោន
– យានយន្តសណ្តោងរ៉ឺម៉ក ឬសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ៥ ទម្ងន់អនុញ្ញាត ៤០តោន
- យានយន្តសណ្តោងរ៉ឺម៉ក ឬសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ៦ ឡេីងទៅ ទម្ងន់អនុញ្ញាត ៤៥តោន
– ចំពោះប្រភេទយានយន្តផ្សេងទៀត សូមពិនិត្យលើតារាងរូបភាពជូនភ្ជាប់។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបញ្ជាក់ដល់គ្រប់ភាគីពាក់ព័ន្ធបញ្ឈប់រាល់វប្បធម៌អន្តរាគមន៍នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ និងស្នេីសុំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និង អ្នកបេីកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមបញ្ឈប់ការប្រេីប្រាស់ឡូហ្គូផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលេីសទម្ងន់កម្រិតកំណត់ ហេីយចូលរួមអនុវត្ត និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីផ្លូវថ្នល់ជាធរមាន។ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕