ឃាត់ និងពិន័យរថយន្ដដឹកលើសទម្ងន់កម្រិតកំណត់ ០៣គ្រឿង នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ នាថ្ងៃពុធ ទី១៧​ ខែកក្កដា​ ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ​ ព្រម ទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុម ការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ១៣៤  ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៤គ្រឿង​ ដឹកថ្ម​ មានបំពាក់ឡូហ្គូ​ CT និង​ UBL ក្នុងនោះយានយន្តចំនួន ០១គ្រឿង​ ដឹកលេីសក្នុងកម្រិតអនុគ្រោះ​ ត្រូវបានអនុញ្ញាតឱ្យបន្តដំណេីរទៅមុខ​ ចំណែក​យានយន្តចំនួន​ ០៣គ្រឿងទៀត​ បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ៦-១៣ តោន​ គិតជាភាគរយ​គឺលេីសចន្លោះពី៣០%-៤០%​នៃច្បាប់អនុញ្ញាត  ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ១ឆ្នាំ ចំនួន​ ០១គ្រឿងដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

គួរបញ្ជាក់ថា ទម្ងន់ដឹកជញ្ជូនអតិបរមា​ លេីបណ្តាញផ្លូវថ្នល់​ តាមប្រភេទយានយន្តដូចខាងក្រោម៖ 

-​ យានយន្តភ្លៅ ២​ ទម្ងន់អនុញ្ញាត​ ១៦តោន

-​ យានយន្តភ្លៅ ៣​ ទម្ងន់អនុញ្ញាត​ ២៥តោន

-​ យានយន្តភ្លៅ ៤ ទម្ងន់អនុញ្ញាត​ ៣០តោន  

– យានយន្តសណ្តោងរ៉ឺម៉ក​ ឬសណ្តោងសឺមីរ៉ឺម៉ក​ ដែលមានភ្លៅ៥  ទម្ងន់អនុញ្ញាត​ ៤០តោន

-​ យានយន្តសណ្តោងរ៉ឺម៉ក​ ឬសណ្តោងសឺមីរ៉ឺម៉ក​ ដែលមានភ្លៅ៦​ ឡេីងទៅ​  ទម្ងន់អនុញ្ញាត​ ៤៥តោន

– ចំពោះប្រភេទយានយន្តផ្សេងទៀត សូមពិនិត្យលើតារាងរូបភាពជូនភ្ជាប់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបញ្ជាក់ដល់គ្រប់ភាគីពាក់ព័ន្ធបញ្ឈប់រាល់វប្បធម៌អន្តរាគមន៍នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់​ និងស្នេីសុំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ​ ម្ចាស់រថយន្តធុនធ្ងន់​ និង​ អ្នកបេីកបររថយន្តធុនធ្ងន់​ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ​ សូមបញ្ឈប់ការប្រេីប្រាស់ឡូហ្គូផ្សេងៗបិទជាប់ឡាន​ និងកុំដឹកជញ្ជូនទំនិញលេីសទម្ងន់កម្រិតកំណត់​ ហេីយចូលរួមអនុវត្ត​ និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីផ្លូវថ្នល់​ជាធរមាន។   ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print