ខេត្តកណ្តាល៖ ជាថ្មីម្តងទៀតលោកបណ្ឌិត ឌុល គឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកកៀនស្វាយបានស្នើឲ្យអាជ្ញាធរ-សមត្ថកិច្ចស្រុកកៀនស្វាយត្រូវសហការគ្នាផ្តល់សេវ៉ាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានរហ័សបំផុត ជាពិសេសការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងពង្រឹងការងារសណ្តាប់ធ្នាប់ សន្តិសុខនៅក្នុងមូលដ្ឋាន ឲ្យបានបានប្រសើរឡើងថែមទៀត ។
ប្រសាសន៍ស្នើឲ្យអាជ្ញាធរ-សមត្ថកិច្ចស្រុកកៀនស្វាយពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋនេះបានលើកឡើងនៅគ្រាដែលលោក ឌុល គឿន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិក-សមាជិការបក្សថ្មីចំនួនជិត៧០០នាក់ និងមានសមាជិកបក្សចូលរួមជិត៣០០០នាក់កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងបរិវេណអតីតដីរោងចក្រកាសូទីម ក្នុងភូមិស្តៅកន្លែង ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានឲ្យដឹងថា សមាជិក-សមាជិការបក្សទាំងចាស់និងទើបបញ្ចូលថ្មីនៅថ្ងៃនេះសរុប២.៧០៥ នាក់ មកពីឃុំទាំង៨របស់ស្រុក ក្នុងនោះសមាជិកទើបបញ្ចូលថ្មីមានចំនួនជិត៧០០នាក់ ។
បន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក
លោក ឌុល គឿន ប្រធានក្រុមការងារចុះជួយស្រុកកៀនស្វាយបានធ្វើការណែនាំឲ្យអាជ្ញាធរ-សមត្ថកិច្ចស្រុក-ឃុំ ត្រូវសហការគ្នាបម្រើប្រជាពលរដ្ឋប្រកបដោយឆន្ទៈពិតប្រាកដដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយព្រោះយើងជាមន្ត្រីបម្រើប្រជាពលរដ្ឋមិនមែនជាម្ចាស់របស់ប្រជាពលរដ្ឋនោះទេ…។ អ្វីដែលសំខាន់សូមឲ្យក្រុមការងារផ្នែកធ្វើស្ថិតិនិងអត្តសញ្ញាណប័ណ្ណត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឲ្យមកធ្វើគ្រប់គ្នាជាពិសេសយុវជន យុវនារី ដែលទើបគ្រប់អាយុ ដើម្បីបានទៅបោះឆ្នោត ហើយមិនត្រូវយកលុយខុសពីគោលការណ៍របស់ក្រសួងមហាផ្ទៃជាដាច់ខាត ។
ចំពោះការផ្តល់សេវ៉ាសាធារណៈក៏ត្រូវតែធ្វើឲ្យបានឆាប់រហ័សនិងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋផងដែរ ដូចជាសំបុត្រកំណើត សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព និងសៀវភៅស្នាក់នៅជាដើម ។
នៅចុងបញ្ចប់នៃពិធីសំណេះសំណាលសមាជិកសមាជិការបក្សទាំងអស់ទទួលបានថវិកាម្នាក់ៗ ១ម៉ឺនរៀល ៕
ដោយ៖ សណ្តោស