ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីការរៀបចំបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ (លើកទី៣) ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រោមកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុងការងារបច្ចេកទេស និងបន្តការចុះត្រួតពិនិត្យដល់ការដ្ឋានគម្រោង និងក្រុមការងារអន្តរក្រសួងដែលពាក់ព័ន្ធ ក្នុងឆន្ទៈដ៏មោះមុត ប្រកបដោយស្មារតីទទួលខុសត្រូវ បុរេសកម្ម និងកិច្ចសហការខ្ពស់ សំដៅធានាសម្រេចការងារគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ និងលទ្ធផលជាក់ស្តែងតាមការរំពឹងទុក។
គួរបញ្ជាក់ថា នៅសល់ ០៧ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធិផលប្រវត្តិសាស្រ្ត នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖តារា