ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង០៦នាក់ និងបក្ខពួក ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះសំណាក់សន្តិភាព ស្ថិតនៅលើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៧ មាត្រា ២១៨ មាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង០២ក្រុម មានក្រុម ឈ្មោះ ព្រែកហូរ និងក្រុមឈ្មោះ TONGGO មានគ្នាចំនួន០៦នាក់ បានធ្វើសកម្មភាពយកដុំថ្មគប់គ្នាទៅវិញទៅមកជាមួយក្រុមក្មេងទំនើងម្ខាងទៀតដែលមានគ្នាចំនួន០៣នាក់ទៀត នៅចំណុចមុខផ្ទះសំណាក់សន្តិភាព ស្ថិតនៅលើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២១យប់ ភ្លាមនោះក៏មានមនុស្សប្រហែល ១០នាក់ផ្សេងទៀតដែលជាបក្ខពួករបស់ក្រុមក្មេងទំនើងដែលមានគ្នាចំនួន០៣ នាក់ បាននាំគ្នាកាន់ដាវ និងកាំបិតប៉័ងតោ រត់ដេញកាប់ទៅលើក្រុមក្មេងទំនើងទាំង០៦នាក់នោះវិញ តែត្រូវបានក្រុមក្មេងទំនើងទាំង០៦នាក់នោះរត់គេចខ្លួនទាន់ រួចក៏បន្តកាប់លើម៉ូតូរបស់ក្រុមក្មេងទំនើងទាំង០៦នាក់នោះបណ្តាលឱ្យខូចខាតចំនួន០២គ្រឿង។ ក្រោយមកនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់មាន ១.ឈ្មោះ ហ៊ី សុផាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ ២.ឈ្មោះ បណ្តូល អង្គទេពប្រណិត ហៅ ប្រុស ភេទប្រុស អាយុ ១៧ឆ្នាំ ៣.ឈ្មោះ រិន កក្កដា ហៅ អារូ ហៅ ម៉េងគា ភេទប្រុស អាយុ១៧ឆ្នាំ ៤.ឈ្មោះ ឈួន ពឹងពឹង ហៅ ពឹង ភេទប្រុស អាយុ១៧ឆ្នាំ ៥.ឈ្មោះ យួន ឆៃណាន់ ភេទប្រុស អាយុ១៧ឆ្នាំ និង៦.ឈ្មោះ ចាន់ ឌីណា ហៅ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នក្រុមជនត្រូវចោទជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន៕ ដោយ រ៉ារ៉ា