ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលជួបគណៈប្រតិភូសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) ដឹកនាំដោយលោកស្រី ក្លេ ខៃ ចិន្តា នាយិកាសមាគមដើម្បីពិភាក្សាការងារលើការជួយកៀគរថវិកាដើម្បីចូលរួមអភិរក្សសត្វដំរី។
នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងថា លោកនឹងចូលរួមផ្សព្វផ្សាយពីសកម្មភាពនៃសមាគមនេះ និងតួនាទីរបស់សត្វដំរីក្នុងបរិស្ថានធម្មជាតិ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានចូលរួមជាគំនិតយោបល់មួយចំនួនដើម្បីធានាបាននូវនិរន្តរភាពសម្រាប់ការងារអភិរក្សដំរីរបស់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) និងក៏ដូចជាចូលរួមបណ្តុះស្មារតីស្រឡាញ់និងអភិរក្សសត្វដំរីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។
លោករដ្ឋមន្ត្រី បានថ្លែងបន្តថា លោកនិងក្រុមគ្រួសារនឹងចូលរួមក្នុងមានជាសមាជិកនៃមូលនិធិដើម្បីចូលរួមគាំទ្រ និងសង្ឃឹមថាបងប្អូនផ្សេងទៀតនឹងចូលរួមជាមួយយើងខ្ញុំតាមរយៈការចូលជាសមាជិក និងការចូលរួមបរិច្ចាកថវិកាសម្រាប់ការគាំទ្រសកម្មភាពអភិរក្សដំរី។ សម្រាប់នីតិវិធីដើម្បីក្លាយជាសមាជិកនិងការចូលរួមវិភាគទាននឹងរៀបចំនៅពេលខាងក្នុង៕ដោយ៖តារា