ភ្នំពេញ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ស្តីពីការបង្ក្រាបក្មេងទំនើងសេសសល់ ក្រុមលីអូហោះ LH (ជាក្រុមមុខសញ្ញាសកម្ម និងមានភាពសាហាវ )។
ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៣០ នាទី កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាក្រុមក្មេងទំនើងឈ្មោះ ក្រុមលីអូហោះ(LH) ចំនួន ០៥ នាក់ នៅចំណុចមុខខុនដូរស្តាស៊ីធី ផ្លូវសហព័ន្ធរុស្សី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសចំនួន ០៥ ករណី បញ្ជូនមកការិយាល័យ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី ៖
ករណីទី១ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកកាំបិតចំនួន០២ដើមកាប់បណ្តាលឲ្យត្រូវក្បាល,ស្មាខាងស្តាំ ,កដៃឆ្វេង កដៃស្តាំ ,បបូរមាត់ រយះដេរអស់សរុបចំនួន៣០ថ្នេរ រងរបួសជាទម្ងន់) ប្រព្រឹត្តនៅចំណុចបូរីឈូកវ៉ា២ ផ្លូវលេខ១៦ម៉ែត្រថ្មីកែងផ្លូវរថភ្លើង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៤ និង ៣០នាទី ។
ជនរងគ្រោះមាន ៖
-ឈ្មោះ អ៊ាវ ពរអ៊ុយ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាមរបួស
-រយះក្បាលចំនួន ០៦ ថ្នេរ ,ស្មាខាងស្តាំចំនួន០៥ថ្នេរ ,ដាច់កដៃខាងឆ្វេងដេរចំនួន ០៧ថ្នេរ ,កដៃខាងស្តាំដេរចំនួន១១ថ្នេរ ,បបូរមាត់ដេរចំនួន ០១ ថ្នេរ សរុបចំនួន ៣០ ថ្នេរ ។
ករណទី២ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្មព្រួតគ្នាគប់បណ្តាលត្រូវជើងខាងឆ្វេងរងរបួស និងបែកកញ្ចក់បង្អួចផ្ទះ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៧៣ ផ្លូវលេខ១៣២ ក្រុម១០២ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០១ និង ៥៥ នាទី ។
ជនរងគ្រោះឈ្មោះ
-ឈ្មោះ ស៊ឹង ពិឡា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាមរបួស និងសម្ភារខូចខាត
-ជើងខាងឆ្វេងដោយសារត្រូវដុំថ្មដែលជនសង្ស័យគប់
-បែកកញ្ចក់បង្អួចផ្ទះ
ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដំបងដែកមូល(ដងឆ័ត្រ) ប្រវែងប្រហែល០២ម៉ែត្រ ចំនួនប្រហែល ១០ ដើមព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឲ្យឈឺចុកចាប់ពេញខ្លួន និងវាយម៉ូតូបណ្តាលឲ្យរងការខូចខាតចំនួន០១ គ្រឿង រួចប្លន់យកកាបូបប្រាក់និងទូរសព្ទ័ដៃម៉ាកអាយហ្វូន៧ផ្លឹសចំនួន០១គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៤ និង ៣០ នាទី ។
ជនរងគ្រោះ
-ឈ្មោះ ឆន ប៊ុនធឿន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ
សម្ភារៈបាត់បង់
-ប្រាក់សរុបចំនួន៤៥០,០០០រៀល(សែសិបប្រាំម៉ឺនរៀល)
-ទូរសព្ទ័ដៃចំនួន ០១ គ្រឿង
-ខូចខាតម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ទឹកមាស សេរីឆ្នាំ២០១៩ ចំនួន ០១ គ្រឿង
ករណីទី៤ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្មព្រួតគ្នាគប់គ្នាទៅវិញ ទៅមក) ប្រព្រឹត្តនៅនៅចំណុចមុខផ្ទះលក់ចាប់ហួយលេខ៥អឺ១ ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៤ និង ២០ នាទី ។
ជនរងគ្រោះ
-មិនស្គាល់អត្តសញ្ញាណ មិនដាក់បណ្តឹង
ករណីទី ៥ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្មព្រួតគ្នាគប់គ្នាទៅវិញ ទៅមក) ប្រព្រឹត្តនៅចំណុចមុខបន្ទប់ជួល ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៣ និង ៤០ នាទី ។
ជនរងគ្រោះ
-មិនស្គាល់អត្តសញ្ញាណ មិនដាក់បណ្តឹង
ជនសង្ស័យ
១-ឈ្មោះ មករា រ៉ាមីត ហៅ ឡែត ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យភ្នំពេញថ្មី ថ្នាក់ទី១១E មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ជុក រតនា ហៅ វ៉ិត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៣-ឈ្មោះ លឹម លីហេង ហៅ ហេង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យគីរីវង់ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាអូរ ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ
៤-ឈ្មោះ នេត សុបញ្ញា ហៅ ស្ទីក ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅខុនដូរស្តាស៊ីធីបន្ទប់លេខ៣១៩ ផ្លូវសហព័ន្ធរុស្សី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៥-ឈ្មោះ រ៉ាន់ សុវណ្ណរាជ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកដឹកជញ្ជូនអីវ៉ាន់ក្រុមហ៊ុនWOWNOW មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិជម្ពូរវ័ន្ត២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕