មន្រ្តីគ្រប់គ្រងការប្រកួត និងចៅក្រមអាជ្ញាកណ្តាលគុនខ្មែរ ចូលរៀនវគ្គបំប៉ន៣ថ្ងៃ គឺជាការពង្រឹងប្រសិទ្ធភាពការងារក្នុងការដឹកនាំការប្រកួតប្រដាល់គុនខ្មែរឈានទៅរកភាពស៊ីសង្វាក់គ្នា និងធ្លុងតែមួយ

ចែករំលែក៖

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឧត្តម សេនីយ៍ទោ ខូវ ឆាយ បានលេីកឡេីងថា វគ្គបំប៉នដល់មន្រ្តីគ្រប់គ្រងការប្រកួត និងចៅក្រមអាជ្ញាកណ្តាលគុនខ្មែរ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជន និងកីឡា ដែលបានដំណើរអស់រយៈពេល៣ថ្ងៃនេះ ពិតជាផ្តល់នូវសារៈសំខាន់ខ្លាំងណាស់ក្នុងការអនុវត្តការងារដឹកនាំការប្រកួតប្រកបដោយប្រសិទ្ធភាពខ្ពស់ មានភាពស៊ីសង្វាក់គ្នា និងរួមគ្នាជាធ្លុងតែមួយ។
ការលេីកឡេីងរបស់ឯកឧត្តម ខូវ ឆាយ បានធ្វើឡើងក្នុងពិធីបិទ វគ្គបំប៉ន មន្រ្តីគ្រប់គ្រងការប្រកួត និងចៅក្រម អាជ្ញាកណ្តាល ប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី៣១ ខែ កក្តដា ឆ្នាំ២០២៤ម្សិលមិញ នៅសាលប្រជុំ អគ្គនាយកដ្ឋានកីឡា ក្នុងពហុកីឡដ្ឋានជាតិ។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគូរបញ្ជាក់ថា សកម្មភាពដឹកនាំការប្រកួតកន្លងមក តែងតែមានបញ្ហាកើតឡើងផ្សេងៗ ដែលទាំងអស់នេះ គឺបានកើតឡើង ដោយភាពមិនស៊ីសង្វាក់គ្នា មិនឯកភាពគ្នាក្នុងការដឹកនាំ ឬការដាក់ពិន្ទុរបស់មន្រ្តីចៅក្រម មិនមានការឯកភាពគ្នា ការវាយតម្លៃផ្ទុយគ្នាទៅលើលទ្ធផលនៃការប្រកួត ដោយការយល់ឃើញមិនមែនជាបទដ្ឋានតែមួយ។ ដូច្នោះហើយបានធ្វើឱ្យការវិនិឆ្ឆ័យមិនស៊ីសង្វាក់គ្នាបង្កើតឡើងជាបញ្ហា តរ៉ា និងប្តឹងផ្តល់បានកើតឡើង។
ដូច្នេះ វគ្គបំប៉នរយៈពេល៣ថ្ងៃនេះ សហព័ន្ធបានបញ្ជ្រាបនិងធ្វើកំណែទម្រង់ផ្ទៃក្នុងជាដំណាក់កាលៗ ដោយបានកែសម្រួលនូវបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតឱ្យការអនុវត្តទៅតាមស្តង់ដារតែមួយ ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានា។
ប្រធានសហព័ន្ធ ខាងលើ បានបញ្ជាក់ទៀតថា វគ្គបំប៉ននេះ គឺមិនមានអ្វីថ្មីប្លែកមកពីណានោះទេ គឺសុទ្ធតែលោកគ្រូ អ្នកគ្រូទាំងអស់បានចេះបានដឹងបានជ្រាបពីមុនមកហើយ គ្រាន់ថានេះ យើងបានរៀបរៀង និងមានការកែតម្រូវខ្លះៗអំពីបទបញ្ជាបច្ចេកទេសការប្រកួតឱ្យស្របជាមួយបទបញ្ជាបច្ចេកទេសការប្រកួតជាសកល ដើម្បីឱ្យអន្តរជាតិគេមកប្រកួតដោយមានភាពជឿជាក់ និងមានទំនុកចិត្តលើការដាក់ពិន្ទុរបស់ចៅក្រមអាជ្ញាលកម្ពុជា។
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ សង្ឈឹមជឿជាក់ថា ចំណេះដឹងទទួលបានពីវគ្គបំប៉នរយៈពេល៣ថ្ងៃនេះ សិក្ខាកាមទាំងអស់ នឹងមានចំណេះដឹងដូចគ្នា និងមានការយល់ឃើញប្រហាក់ប្រហែលគ្នា អាចឱ្យយើងយកទៅអនុវត្តរៀបចំដឹកនាំការប្រកួតប្រដាល់គុនខ្មែរ មានភាពស៊ីសង្វាក់គ្នាជាធ្លុងតែមួយឈានទៅរកភាពជោគជ័យតាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ប្រធានសហព័ន្ធ បានថ្លែងអំណរគុន ដល់ក្រសួងអប់រំយុវជន និងកីឡា ដែលតែងតែយកចិត្តទុកដាក់ចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយគាំទ្រឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដើម្បីដំណើរការងាររដ្ឋបាល បណ្តុះបណ្តាល និងការងារប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ។ការជួយឧបត្ថម្ភគាំទ្រនេះ បានធ្វើឱ្យសហព័ន្ធប្រដាល់គុនខ្មែរមានការរីកចំរើន ទាំងផ្នែកធនធានមនុស្ស ផ្នែករដ្ឋបាល ផ្នែកការងារបច្ចេកទេស បានធ្វើឱ្យមានមានការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ខ្លាំងពីទស្សនិកជនគាំទ្រវិស័យកីឡាគុនខ្មែររបស់យើង៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print