លោកបណ្ឌិត គិន ភា ៖ «ខ្ញុំមិនដែលអាក់អន់ស្រពន់ចិត្តចំពោះការបញ្ចេញយោបល់របស់បងប្អូននៅលើគណនីហ្វេសប៊ុករបស់ខ្ញុំនិងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងទៀតពាក់ព័ន្ធនឹងសំណេរខ្ញុំនោះទេ»

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីម្សិលមុិញ បានមានប្រសាសន៍ថា ៖ ខ្ញុំមិនដែលអាក់អន់ស្រពន់ចិត្តចំពោះការបញ្ចេញយោបល់របស់បងប្អូននៅលើគណនីហ្វេសប៊ុករបស់ខ្ញុំនិងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងទៀតពាក់ព័ន្ធនឹងសំណេរខ្ញុំនោះទេ ដោយហេតុថា និន្នាការសង្គមដែលយើងទាំងអស់គ្នាកំពុងប្រឈម គឺម្យ៉ាងភាពញាំញីនៃវិបត្តិសេដ្ឋកិច្ចដែលនរណាក៏រងផលប៉ះពាល់ ម្យ៉ាងស្រមោលអតីតកាលនៃការបាត់បង់ទឹកដីទៅប្រទេសជិតខាងនៅតែតាមលងយើងគ្រប់គ្នា ម្យ៉ាងបញ្ហាសង្គមចាក់ស្រេះដែលយើងឃើញនឹងភ្នែកគ្រប់គ្នា ហើយម្យ៉ាងទៀត បងប្អូនខ្លះជាប់ជំពាក់ដិតដាមយ៉ាងស៊ីជម្រៅទៅនឹងនិន្នាការនិងមនោគមវិជ្ជាណានយោបាយណាមួយ ម្ល៉ោះហើយធ្វើឱ្យការបញ្ចេញយោបល់របស់បងប្អូនក៏ទៅតាមនោះដែរ។

លោកបណ្ឌិត គិន ភា បានលើកឡើងថា ៖ គ្មានមួយនាទីណាដែលខ្ញុំបដិសេធបាតុភូតនិងនិន្នាការសេដ្ឋកិច្ច សង្គម និងនយោបាយនេះទេ។ ការណ៍នេះហើយ ដែលជំរុញឱ្យខ្ញុំសរសេរអត្ថបទខ្លីៗនេះចែករំលែក បើទោះជាត្រូវបងប្អូនដែលមិនសប្បាយចិត្ត មិនត្រូវចិត្ត ឬមិនពេញចិត្ត ជេរប្រមាថបែបណាក៏ដោយ។

លោកបណ្ឌិត គិន ភា បញ្ជាក់ថា ៖ គោលបំណងតែមួយគត់របស់ខ្ញុំតាំងពីដើមរៀងមក ទាំងសំណេរក្នុងគណនីហ្វេសប៊ុករបស់ខ្ញុំក្តីឬក្នុងការសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយនានាក្តី ខ្ញុំគ្រាន់តែចង់ចែករំលែកការយល់ឃើញដ៏ស្ដួចស្ដើងរបស់ខ្ញុំសម្រាប់បងប្អូនទាំងន័យចំនិងន័យបង្កប់ ទុកជាការពិចារណាតែប៉ុណ្ណោះ។ បងប្អូនទទួលយកបានក៏យកទៅ ទទួលយកមិនបាន ក៏សូមអូសរំលងចោលទៅ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្តថា ៖ ចុងក្រោយ ខ្ញុំសូមរំឭកប្រសាសន៍របស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ដែលគាត់បានសរសេរនៅលើគណនីហ្វេសប៊ុករបស់គាត់កន្លងមកថា ៖ «ខ្ញុំសង្ឃឹមថា លោកអ្នកនឹងមិនជះសម្លឆ្ងាញ់ចោល ព្រោះតែលោកអ្នកមិនពេញចិត្តពណ៌ចានដែលដាក់សម្លនោះទេ»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print