សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ស្ត្រីកម្ពុជាតែងបង្ហាញពីភាពជាអ្នកដឹកនាំ និងរួមចំណែកលើសពីតួនាទីបែបប្រពៃណី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ស្ត្រីកម្ពុជាតែងរួមចំណែកលើសពីតួនាទីបែបប្រពៃណី និងបង្ហាញពីភាពជាអ្នកដឹកនាំទាំងនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហានេះដែរ  សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា ៖ ស្ត្រីកម្ពុជា តែងរួមចំណែក លើសពីតួនាទីបែប ប្រពៃណី របស់ ស្ត្រី និងបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ពិសេសក្នុងទិដ្ឋភាព ផ្សេងៗ ជាក់ស្ដែងព្រះរាជា ទីមួយរបស់កម្ពុជា គឺព្រះនាងសោមា ឬព្រះនាង លីវយី ដែលបានសោយរាជ្យនៅនគរ ហ្វូណន មុនសម័យអង្គរ។ ភាពជាអ្នកដឹកនាំ និងសមត្ថភាពខាងយោធាដ៏រឹងមាំរបស់ព្រះនាង បាន បង្រួបបង្រួម និងពង្រីកឥទ្ធិពលជាតិ តាមរយៈពាណិជ្ជកម្ម និងការទូត ដោយការណ៍នេះ បានធ្វើឱ្យព្រះនាងក្លាយជាគំរូ សម្រាប់មេដឹកនាំស្ត្រី ក្នុងជំនាន់ក្រោយៗ។
សម្ដេចនាយករដ្ឋមន្រ្ដីបន្តថា កម្ពុជា ក៏មានស្ត្រីដ៏អស្ចារ្យដទៃទៀត ដូចជា ព្រះនាងជ័យរាជទេវី, ព្រះនាងសោមា, ព្រះនាងឥន្ទ្រទេវី ជាដើម ដែលបានចូលរួមចំណែកកសាងប្រវត្តិសាស្ត្រ នៃ ប្រជាជាតិកម្ពុជា។
ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា វីរភាពរបស់មេដឹកនាំស្ត្រីគំរូ ទាំងនេះ តែងផ្តល់ជាការបណ្ដុះគំនិត និងរំឭកអំពីកម្លាំង, ភាពឈ្លាសវៃ និងភាពធន់របស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ។ ឈរលើកេរ្ដិ៍ដំណែលដ៏សម្បូរបែបនេះ ទាំងអស់គ្នាបានទទួលស្គាល់ ការរួម ចំណែកដ៏ធំធេងរបស់ស្ត្រីនៅក្នុងប្រវត្តិសាស្ត្រ មិនត្រឹមតែជាមហាក្សត្រី និងមេដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសហគ្រិន, នវានុវត្តជន, អ្នកផ្តល់ការថែទាំ និងអ្នកកសាងសហគមន៍ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ការចូលរួមកាន់តែសកម្មរបស់ស្ត្រីនៅក្នុងសកម្មភាពសេដ្ឋកិច្ច តំបន់ និងអន្តរជាតិ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ពួកគេប៉ុណ្ណោះទ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ច ក្នុងសហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងស្មារតីនេះ ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់ការផ្ដល់ សិទ្ធិអំណាចដល់សហគ្រិនស្ត្រី និងឆ្លុះបញ្ចាំងឱ្យឃើញពីការរួមចំណែក និងសក្ដានុពលដ៏ ធំធេងរបស់ស្ត្រី ក្នុងការអភិវឌ្ឍសហគមន៍ធុរកិច្ច និងកំណើនសេដ្ឋកិច្ច នៅកម្ពុជា ក៏ដូចជានៅ ក្នុងតំបន់អាស៊ានទាំងមូល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រឹត្តិការណ៍នេះក៏ជាកាលានុវត្តភាពដ៏ពិសេស សម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការកសាងសមត្ថភាព និងកិច្ចសហការនានា ដែលអនុញ្ញាតឱ្យសហគ្រិនស្ត្រីអាចអភិវឌ្ឍយុទ្ធសាស្ត្រ បង្កើនសមត្ថភាពអាជីវកម្ម និងភាពប្រកួតប្រជែង ចែករំលែក ឧត្តមានុវត្តន៍ និងភ្ជាប់ខ្លួនទៅនឹងបណ្តាញធនធាន ទំនាក់ទំនង និងទីផ្សារដ៏ធំទូលាយ។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសហគ្រិនស្ត្រីគ្រប់រូប សម្រាប់កិច្ចខិតខំប្រឹងប្រែង ភាពជោគជ័យ និងការចូលរួមចំណែកដល់ប្រទេសជាតិ ក៏ដូចតំបន់អាស៊ានទាំងមូល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print