ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡាចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា នាយផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស និងវរសេនីយ៍ទោ ខេង ឆៃយុទ្ធ អាកាសយានិកកងហោះទី២ ផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានពលីជីវិត កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥២ឆ្នាំ និង ៣៥ឆ្នាំ ដោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងពេលបំពេញបេសកកម្មហោះហើរហ្វឹកហ្វឺន នៅចំណុចភ្នំយ៉ាវយ៉ៃ ឃ្មុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឱកាសប្រកបដោយក្ដីសង្វេគនេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ អាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារដែលបានបាត់បង់ស្វាមី លោកឪពុក ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវយោធិន ពីររូប នៃកងទ័ពជើងអាកាសដែលជាអាកាសយានិកដ៏ឆ្នើមដែលបានបំពេញភារកិច្ចគ្រប់កាលៈទេសៈទទាំងអស់ ដើម្បីបុព្វហេតុបម្រើជាតិ និងមាតុភូមិកម្ពុជា។ សូមវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា និង វរសេនីយ៍ទោ ខេង ឆៃយុទ្ធ បានទៅកាន់សុគតិភព៕