ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទគិលានុបដ្ឋាក និងឆ្មបឆ្នាំ២០២៤ ក្រោមប្រធានប្រធានបទ «គិលានុបដ្ឋាក និងឆ្មប ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព រួមចំណែកធ្វើឱ្យប្រសើរឡើងដល់ផលប្រយោជន៍អ្នកជំងឺ»។
សន្និសីទនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំនៅតាមមន្ទីរពេទ្យជាតិ និងថ្នាក់ក្រោមជាតិ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំកម្ពុជា (JICA) តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) និងគណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មប រួមទំាងអង្គការដៃគូសុខាភិបាល ដែលមានការអញ្ជើញចូលផ្ទាល់៣០០នាក់ និងតាមប្រព័ន្ធ Zoom ចំនួន ១០០០នាក់។
សន្និសីទគិលានុបដ្ឋាក និងឆ្មប នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកពីបទពិសោធន៍ ប្រសិទ្ធភាពការងារដឹកនាំផ្នែកថែទាំ ការគ្រប់គ្រង ការអប់រំគិលានុបដ្ឋាក-ឆ្មប ការអភិវឌ្ឍវិជ្ជាជីវៈបន្ត ការកែលម្អគុណភាព និងសុវត្ថិភាពអ្នកជំងឺ នវានុវត្តន៍បច្ចេកវិទ្យាទំនើបក្នុងវិស័យថែទាំជំងឺ ការអនុវត្តគ្លីនិកកម្រិតខ្ពស់ ការអនុវត្តន៍ផ្អែកលើភស្តុតាង និងសមត្ថភាពផ្នែកថែទាំនៅប្រទេសកម្ពុជា។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា គិលានុបដ្ឋាក ដើរតួនាទីយ៉ាងសំខាន់ដែលជាកម្លាំងចលករនៅក្នុងប្រព័ន្ធសុខាភិបាល ក្នុងការចូលរួមចំណែកការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងការពិនិត្យអ្នកជំងឺ ផ្តល់ឱសថ ជាជំនួយក្នុងការវះកាត់ ព្យាបាលអ្នកជំងឺ ផ្តល់ជំនួយផ្លូវចិត្ត និងបំពេញតួនាទីសំខាន់ៗមួយចំនួនផ្សេងទៀត។ ដូច្នេះគិលានុបដ្ឋាកនិងឆ្មប ត្រូវតែពង្រឹងសមត្ថភាពជាប្រចាំដើម្បីដោះស្រាយអាទិភាពសុខភាពទាំងអស់នេះ ព្រមទាំងឆ្លើយតបទៅនឹងគ្រោះអាសន្ននានាឱ្យមានប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈថែទាំឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដូចតទៅ៖
១- នៅថ្នាក់កណ្តាល សូមឱ្យការិយាល័យគិលានុបដ្ឋាកនិងឆ្មប គណៈឆ្មប គណៈគិលានុបដ្ឋាក សមាគមឆ្មប និងសមាគមគិលានុបដ្ឋាក ធ្វើការរួមគ្នា រៀបចំផែនការសកម្មភាពជាមួយគ្នា ដើម្បីពង្រឹងការអនុវត្តបទដ្ឋានគតិយុត្ត សម្រាប់គាំទ្រដល់ការអនុវត្តរបស់គិលានុបដ្ឋាក និងឆ្មបរៀងរាល់ខែ។
២- គណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មប បញ្ជូនរបាយការណ៍ប្រចាំខែ ពីវឌ្ឍនៈភាពមកនាយកដ្ឋានមន្ទីរពេទ្យ ដើម្បីបានដឹងពីការីកចម្រើន និងធ្វើការចងក្រងជារបាយការណ៍រួម សម្រាប់វិជ្ជាជីវៈគិលានុបដ្ឋាក និងឆ្មប។
៣- មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ជាមួយប្រធានមន្ទីរពេទ្យ និងប្រធានថែទាំមន្ទីរពេទ្យ រៀបចំប្រជុំជាទៀងទាត់ ដើម្បីពិនិត្យមើលពីបញ្ហាប្រឈមដែលកើតមាននៅតាមមន្ទីរពេទ្យ និងស្វែងរកដំណោះស្រាយដែលជាប្រយោជន៍ដល់អ្នកជំងឺ ដល់មន្ទីរពេទ្យ និងដល់មន្រ្តីសុខាភិបាល។
៤- ប្រធានមន្ទីរពេទ្យបង្អែក គួររៀបចំឱ្យគណៈកម្មការថែទាំមន្ទីរពេទ្យនីមួយៗ មានប្រធាន អនុប្រធាន សមាជិក និងមានកន្លែងពួកគាត់អាចប្រជុំប្រចាំខែ មានតួនាទី និងភារកិច្ច និងរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់សេវាថែទាំ។
៥- នៅតាមមន្ទីរពេទ្យ គិលានុបដ្ឋាក និងឆ្មប ត្រូវកំណត់សូចនាករតាមផ្នែក ដើម្បីពង្រឹងការអនុវត្តព្រមទាំងធ្វើការតាមដាន និងវាយតម្លៃសូចនាករឱ្យបានច្បាស់លាស់។
ជាទីបញ្ចប់ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏ណែនាំដល់អង្គសន្និសីទទាំងមូល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារបន្ថែមទៀត ដូចខាងក្រោម ៖
(១) ត្រូវត្រួតពិនិត្យអនាម័យតាមតាមន្ទីរពេទ្យ ចុះតាមសាលនានា ប្រធានថែទាំត្រូវប្រជុំរៀងរាល់ អាទិត្យដើម្បីពិភាក្សាពីបញ្ហា និងដោះស្រាយជាមួយគ្នា ។
(២) ត្រូវធ្វើកិច្ចការឱ្យកាន់តែប្រសើឡើង ។(៣) កិច្ចសហប្រតិបត្តិការជាមួយសហភាតរៈ និងដៃគូនានា ។
(៤) ផ្តល់ការថែទាំប្រកបដោយមេត្តាករុណាសម្រាប់អ្នកជំងឹ ។
(៥)ជាម្ចាស់ការលើការងារដែលខ្លួនបានធ្វើ។
(៦)យកចិត្តទុកដាក់កាងារជាសំខាន់ ។
(៧) ត្រៀមដោះស្រាយបញ្ហាផ្សេងឱ្យបានទាន់ពេលវេលា ។
និង(៨)មានទស្សនៈវិស័យវែងឆ្ងាយសម្រាប់ការងារថែទាំ ៕