ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃសៅរ៍ទី០៣ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចេញល្បាតក្នុងភូមិសាស្រ្ត បានឃាត់ខ្លួនក្មេងទំនេីងចំនួន០២នាក់ ដែលកំពុងធ្វេីសកម្មភាពបង្ហោះម៉ូតូលេីផ្លូវសាធារណៈ។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចេញល្បាតក្នុងភូមិសាស្រ្ត ដល់ចំណុចផ្លូវវាងក្រុង ស្ថិតនៅភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ ឃាត់ខ្លួនក្មេងទំនេីងចំនួន០២នាក់ ដែលកំពុងធ្វេីសកម្មភាពបង្ហោះម៉ូតូលេីផ្លូវសាធារណៈ ធ្វេីអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់និងសង្គម។
ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ១-ឈ្មោះ មន បញ្ញាស័ក្ដ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិសំពៅមាស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ២-ឈ្មោះ សៀម សុខហៃ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពោធិ៍តាគួយ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន០១គ្រឿងម៉ាកនិច ពណ៍សលាយក្រហម សេរីឆ្នាំ០២៤ ផ្លាកលេខភ្នំពេញ1KM-3583 និងទូរស័ព្ទ ចំនួន០១គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួន រួមទាំងម៉ូតូ បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕ដោយ៖តារា