ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ផ្សាយជាសាធារណៈនូវឯកសារពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រួមមាន៖ សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូលចាប់ពីលើកទី១ រហូតដល់លើកទី១១ និងកិច្ចព្រមព្រៀង ព្រមទាំងអនុស្សារណៈពាក់ព័ន្ធចំនួន ៥ ដែលជាឯកសារក្របខ័ណ្ឌសម្រាប់ការអនុវត្តការងារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។
ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនសាធារណជន សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវទាំងអស់ មេត្តាជ្រាបថា យោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនិងជាអ្នកផ្តួចផ្តើមគំនិតបង្កើតតំបន់ ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ណែនាំឱ្យក្រសួងពាណិជ្ជកម្ម ធ្វើការផ្សព្វផ្សាយទូលំទូលាយនូវឯកសារដែលពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដើម្បីឱ្យ សាធារណជន សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវបានជ្រួតជ្រាបស្វែងយល់ច្បាស់អំពីអត្ថន័យ ខ្លឹមសារ និង សារៈសំខាន់នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ព្រមទាំងវឌ្ឍនភាពដែលតំបន់ត្រីកោណ អភិវឌ្ឍន៍នេះសម្រេចបានចាប់តាំងពីការបង្កើតដំបូងនាឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងបីបានប្រារព្ធរៀបចំកិច្ចប្រជុំកំពូលចំនួន ១១លើក រួចមកហើយ។
ក្រសួងពាណិជ្ជកម្ម សូមដាក់ផ្សាយជាសាធារណៈនូវឯកសាររួមមាន៖ សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូលចាប់ពី លើកទី១ រហូតដល់លើកទី១១ និងកិច្ចព្រមព្រៀង ព្រមទាំងអនុស្សារណៈពាក់ព័ន្ធចំនួន ៥ ដែលជាឯកសារ ក្របខ័ណ្ឌសម្រាប់ការអនុវត្តការងារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម។ ឯកសារទាំងអស់នេះមានដាក់ផ្សាយនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មតាមរយៈតំណ ភ្ជាប់ https://www.moc.gov.kh/document-category/official-document និងអាចស្កែនយកពី QR កូដ ដូចខាងក្រោម។
ក្រសួងពាណិជ្ជកម្ម សូមថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន សិស្សនិស្សិត និងអ្នកសិក្សា ស្រាវជ្រាវទាំងអស់ អាចធ្វើការស្វែងយល់បានច្បាស់លាស់អំពីអត្ថន័យ ខ្លឹមសារ និងអត្ថប្រយោជន៍នៃកិច្ចសហ ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជួយដល់ការរីកចម្រើនសេដ្ឋកិច្ច-សង្គម រួមចំណែកលើកស្ទួយជីវភាព របស់ប្រជាជនក្នុងតំបន់នោះ ឱ្យកាន់តែប្រសើរឡើង ៕