តើអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវឈរលើគោលការណ៍អ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវឈរលើការពិត និងបង្ហាញព័ត៌មានពិត ចៀសវាងការផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ ព័ត៌មានមានលក្ខណៈខុសពីការពិត។

យោងតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជំពូកទី ២ ផ្នែកទី៣ បានបញ្ជាក់ថា អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវ៖
១. ចូលរួមបង្ការទប់ស្កាត់ ប្រឆាំងនឹងការផលិត និងផ្សព្វផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មាន បំភ្លឺ ព័ត៌មានភាន់ច្រឡំ
២. ផ្សាយតែព័ត៌មានពិត មានប្រភពច្បាស់លាស់ និងបានផ្ទៀងផ្ទាត់ប្រភពត្រឹមត្រូវ
៣. ផ្ទៀងផ្ទាត់ឡើងវិញ និងកែតម្រូវ ក្នុងករណីបានចុះផ្សាយខុស ឬផ្សាយដោយភាន់ច្រឡំ
៤. រក្សាការសម្ងាត់នៃប្រភព និង៥. ធានាតុល្យភាពព័ត៌មានប្រកបដោយសច្ចភាព យុត្តិធម៌ និងមិនលម្អៀង។
ជាមួយគ្នានោះ អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវចៀសវាង៖
១. ការចុះផ្សាយព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ ឬធ្វើការចោទប្រកាន់ ដែលមិនមានភស្តុតាង គ្រប់គ្រាន់ និងច្បាស់លាស់
២. កាឡៃព័ត៌មានតាមរូបភាពណាមួយ ដែលធ្វើឱ្យប្រាសចាកពីន័យដើម
៣. បញ្ចេញមតិផ្ទាល់ខ្លួន ឈរលើបុរេវិនិច្ឆ័យ
៤. ច្របល់គ្នារវាងការពិត ដែលជាអង្គហេតុ និង ការយល់ឃើញ ដែលជាទស្សនៈ
និង៥. កែប្រែព័ត៌មាន រូបភាព ឬវីដេអូ លុបបំបាត់ចោលផ្នែកព័ត៌មានសំខាន់ៗ ឬបន្លំឯកសារផ្សេងៗ។
ក្នុងជំពូកទី ២ដដែល ផ្នែកទី៤ នៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានបញ្ជាក់ថា អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវផ្ដល់អាទិភាពដល់ព័ត៌មាន ដែលផ្ដល់សារៈប្រយោជន៍ដល់សង្គមជាតិជាទូទៅ និងចៀសវាងការចុះផ្សាយ ដែលបង្កផលប៉ះពាល់ដល់សន្តិភាព សន្តិសុខ ជាតិសណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសាសនា ប្រពៃណីទំនៀមទម្លាប់ល្អរបស់សង្គមជាតិ និងសិទ្ធិអ្នកដទៃ។ អ្នកអនុវត្តសកម្មភាពទាំងនោះត្រូវ៖
១. ចូលរួមបង្ការ ទប់ស្កាត់ ប្រឆាំងនឹងការផលិត និងផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតបំពុលសង្គម
២. ចូលរួមបំផុស និងបញ្ជ្រាបគោលការណ៍ពហុភាពក្នុងសង្គម ការបើកទូលាយផ្នត់គំនិត និងតម្លៃផ្សេងៗគ្នានៃបុគ្គល និងសង្គម
និង៣. ចូលរួមអប់រំសង្គម និងផ្តល់ពុទ្ធិដល់សាធារណជនតាមអត្ថបទសិក្សាស្រាវជ្រាវ ឬរបកគំហើញផ្នែក វិទ្យាសាស្ត្រជាដើម។
ដោយឡែក បុគ្គល ឬអ្នកគ្រប់គ្រងអង្គភាព ដែលអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវចៀសវាង៖
១. បំផុស ញុះញង់ ឬគាំទ្រព័ត៌មាន ដែលញុះញង់ឱ្យមានការរើសអើង និងការស្អប់ខ្ពើមលើជាតិ សាសន៍ ពណ៌សម្បុរ ឋានៈក្នុងសង្គម ឬនិន្នាការនយោបាយជាដើម
២. ញុះញង់ឱ្យមានការប្រព្រឹត្តអំពើល្មើសច្បាប់ ឬអំពើដែលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្តាប់ ធ្នាប់សាធារណៈ សុខដុមនីយកម្មសាសនា ប្រពៃណីទំនៀមទម្លាប់ល្អសង្គមជាតិ និងសិទ្ធិអ្នកដទៃ
៣. ផ្សព្វផ្សាយប៉ះពាល់ដល់អធិបតេយ្យជាតិ បូរណភាពដែនដី ឬទំនាក់ទំនងជាមួយប្រទេសដទៃ
៤. ចុះផ្សាយរូបភាពកុមារ ដោយមិនមានការអនុញ្ញាតពីអាណាព្យាបាល ឬរូបភាព សំឡេង សន្ទនា ឬវីដេអូ ដែលអាចប៉ះពាល់ដល់កិត្តិយស ឬសេចក្ដីថ្លៃថ្នូរបស់បុគ្គល ឬសង្គមជាតិ
៥. ចុះផ្សាយព័ត៌មាន ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ល្អរបស់ជាតិ ជាអាទិ៍ រូបភាព ឬវីដេអូ ឬប្រលោមលោកអាសអាភាស ជាដើម
៥. ចុះផ្សាយព័ត៌មាន ដែលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ជាអាទិ៍ រូប/ វីដេអូសកម្មភាព អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលអាចបង្កជាភាពតក់ស្លុត ឬបញ្ហាសតិអារម្មណ៍ដល់សាធារណជន
៦. ឆ្លៀតឱកាស កេងចំណេញលើភាពទន់ខ្សោយ ភាពងាយរងគ្រោះ អសមត្ថភាពផ្លូវចិត្តឬរាងកាយ របស់បុគ្គលណាម្នាក់ ឬក្រុមណាមួយ ដើម្បីផ្សព្វផ្សាយប្រើពាក្យរិះគន់ ឬបន្ទុះបង្អាប់ប៉ះពាល់ដល់ជនមានពិការភាព តម្លៃស្រ្តីនិងកុមារ អ្នកជំងឺផ្លូវកាយនិងផ្លូវ ចិត្តជាដើម៕

...

ប្រភព ៖ ក្រសួងព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print