ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី«ការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែកញ្ញា និងខែតុលា ឆ្នាំ២០២៤» របស់ក្រសួងមុខងារសាធារណៈ លេខ ២៧២០/២៤ មស.សជណ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។
សម្រាប់ខ្លឹមសារលម្អិត សូមភ្ជាប់ជូននូវសេចក្តីជូនដំណឹង ។
ក្រសួងមុខងារសាធារណៈមានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធមេត្តាជ្រាបថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ចំនួន ៥០ ០០០ (ប្រាំម៉ឺន)រៀលក្នុងម្នាក់ៗជូនមន្ត្រីរាជការ។ សេចក្តីដូចបានជម្រាបជូន ខាងលើ សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀវត្សសរុបប្រចាំខែកញ្ញា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែតុលា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១នៃខែតុលា និងលើកទី២ឱ្យបានក្នុងសប្តាហ៍ទី៣នៃខែតុលា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកសម្រាប់ការបើកផ្តល់បៀវត្សខែវិច្ឆិកា ឆ្នាំ២០២៤ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។
ក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕