បន្ទាប់ពីជាងមួយខែមកនេះ បទល្មើស ឆក់ ប្លន់ បានចាប់ផ្តើមកម្រើកឡើងវិញហើយ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ក៏ដូចជាក្នុងនាមគ្រួសារជនរងគ្រោះផងនោះ ខ្ញុំមានការចាប់ អារម្មណ៍នូវសកម្មភាពនៃបទល្មើសផ្សេងៗកំពុងកើតមានឡើងវិញក្នុងរាជធានីភ្នំពេញ នាចុងខែកក្កដា និងដើមខែសីហានេះ ។ បន្ទាប់ពីមួយរយៈកន្លងមកសមត្ថកិច្ចទាំង១២ ខណ្ឌនាំគ្នាចេញគយល្បាត ឬដាក់គោលដៅការពារសន្តិសុខសុវត្ថិភាពជូនប្រជាពល រដ្ឋបានល្អជាហេតុធ្វើឲ្យកាត់បន្ថយបទល្មើស លួច ឆក់ ប្លន់ បានមួយកម្រិតដែរ ។
ខ្ញុំបានកត់សម្គាល់ឃើញថា គ្រាន់តែនៅយប់ថ្ងៃទី៣១ខែកក្កដា និងថ្ងៃទី១ ខែ សីហា កើតមានអំពើប្លន់នៅខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យមានមិនតិចជាង ៣លើក ហើយករណីនេះទៀតសោតជនល្មើសប្រើសុទ្ធតែកាំភ្លើងខ្លីយកទៅភ្ជង់ និង បាញ់ជនរងគ្រោះយ៉ាងសាហាវដើម្បីយកកាបូបលុយ គ្រឿងអលង្ការ ទូរស័ព្ទដៃ ជា ពិសេសនៅផ្ទះវេរលុយទ្រូម៉ាន់នីជាដើម។ ទាំងនេះនៅមិនទាន់គិតករណីលួចគាស់ផ្ទះ លួចសម្ភារផ្សេងៗ និងករណីជិះម៉ូតូឆក់កាបូប ទូរស័ព្ទតាមផ្លូវសាធារណៈនៅឡើយទេ។
តើបទល្មើសកម្រើកឡើងវិញនៅក្នុងរាជធានីភ្នំពេញនាពេលនេះកើតឡើងដោយសារអ្វី? តើក្រុមជនល្មើសប្រើសុទ្ធតែកាំភ្លើងខ្លីទៅភ្ជង់បាញ់ជនរងគ្រោះឲ្យរបួសធ្ងន់ជាសមាសភាពអ្វីបានជាមានកាំភ្លើងកាន់ក្នុងដៃប្រព្រឹត្តបទល្មើមិនញញើតដៃយ៉ាងនេះ? តើសមត្ថកិច្ចខ្លាំងឬខ្សោយបានជារាល់ពេលជនល្មើសធ្វើសកម្មភាពម្តងៗមិន ដែលបង្រ្កាបបានយ៉ាងនេះ?
ខ្ញុំគិតថា ប្រសិនបើសមត្ថកិច្ចដេកលក់ ឬទន់ដែក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទេនោះបទល្មើសនឹងកើតមានច្រើនជាងនេះទៅទៀត ជាពិសេសក្រុមជនល្មើស ពិតជាបានដៃមិនខា្លចបាញ់សម្លាប់ប្លន់យកទ្រព្យនោះឡើយ។ ម៉្យាងទៀតត្រូវគិតពី ល្បែងស៊ីសងគ្រប់ប្រភេទដូចជា ភ្នាល់បាល់ ហ្គេម បៀ អាប៉ោង កន្ទុយលេខ។ល។ ទាំង នេះជាមូលហេតុដែលនាំឲ្យមានបទល្មើសកើតឡើង ។ ដូច្នេះគួរតែអាជ្ញាធរនីមួយៗកុំមើលរំលងឲ្យសោះត្រូវតែបោសសម្អាត ឬលុបបំបាត់ឲ្យបាន នោះទើបភូមិ-សង្កាត់ មានសុវត្ថិភាព ។
យើងជាប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធររាជធានីភ្នំពេញ ជាពិសេសស្ថាប័ននគរបាល និងសមត្ថកិច្ចពាក់ព័ន្ធពង្រឹងស្មារតីចេញល្បាតត្រួតពិនិត្យរដ្ឋបាលនិងដាក់គោលដៅ២៤ម៉ោងលើ២៤ម៉ោងក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឡើងវិញជាមិនខាន៕
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ