ពលរដ្ឋនៅតំបន់កាស្មៀរ ម្ខាងគាំទ្រឥណ្ឌា ម្ខាងគាំទ្រប៉ាគីស្ថាន បានបង្ករអំពើ ហិង្សាដែលកំពុងតែកើតមានឡើង បានបង្កឲ្យមានវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់ឃើញមាននៅក្នុងរយៈពេលប្រមាណជា ២៥ឆ្នាំចុងក្រោយនេះ។
អ្វីៗបានចាប់ផ្តើមឡើងក្រោយពីមេដឹកនាំក្រុមឧទ្ទាមផ្តាច់ទឹកដីកាស្មៀរ ត្រូវបានទាហ៊ាន រដ្ឋាភិបាលឥណ្ឌាបាញ់សម្លាប់កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ។ ការស្លាប់នេះបានធ្វើឲ្យក្រុមអ្នកគាំទ្រចលនាអ៊ិស្លាមផ្តាច់ទឹកដី នាំគ្នាចេញធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល បណ្តាលឲ្យមានការប៉ះទង្គិចដោយហិង្សា បង្កឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។
ប្រឈមមុខនឹងអំពើហិង្សានេះ អាជ្ញាធរឥណ្ឌាបានដាក់ពង្រាយកងទ័ពចេញបម្រាមគោចរ ហើយរហូតមានការរឹបអូសកាសែតដែលចុះផ្សាយពីចលនាប្រឆាំង ក៏ប៉ុន្តែ ៣សប្តាហ៍ក្រោយមកកំហឹងអ្នកគាំទ្រចលនាអ៊ិស្លាមផ្តាច់ទឹកដីនៅតែមិនថមថយ ហើយការប៉ះទង្គិចគ្នារវាងបាតុករប្រឆាំង និងកងកម្លាំងរដ្ឋាភិបាលនៅតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃ។ គិតជាសរុប អំពើហិង្សានៅតំបន់កាស្មៀរ នៅក្នុងរយៈពេល៣សប្តាហ៍នេះបានបណ្តាលឲ្យមានអ្នកស្លាប់ជាង ៥០នាក់ និងរាប់ពាន់នាក់ផ្សេងទៀតត្រូវរងរបួស។
ក្នុងតំបន់ដែលគ្រប់គ្រងដោយឥណ្ឌា អំពើហិង្សានៅក្នុងតំបន់កាស្មៀរនេះបានបង្កើតឲ្យមានការជជែកដេញដោលគ្នាយ៉ាងផុសផុល ជាពិសេសតាមរយៈបណ្តាញសារព័ត៌មាន និងប្រព័ន្ធអ៊ីនធឺណែត ដោយអ្នកខ្លះទាមទារឲ្យរដ្ឋាភិបាលប្រើកម្លាំងបង្រ្កាបចលនាទាមទារផ្តាច់ទឹកដី រីឯអ្នកខ្លះទៀតទាមទារឲ្យមានដំណោះស្រាយនយោបាយ ដោយបានធ្វើការកត់សម្គាល់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលរដ្ឋាភិបាលយកកម្លាំងធ្វើជាមធ្យោបាយដោះស្រាយវិបត្តិនៅកាស្មៀរនេះ ក៏ប៉ុន្តែជាលទ្ធផលចលនាអ៊ិស្លាមទាមទារផ្តាច់ទឹកដីមិនត្រឹមតែមិនថយចុះ តែថែមទាំងកើនឡើងកាន់តែខ្លាំងទៅវិញ។
អ្វីដែលធ្វើឲ្យគេកាន់តែបារម្ភទៅទៀតនោះ គឺខ្លាចអំពើហិង្សានៅកាស្មៀរនេះរាលដាលរហូតក្លាយជាជម្លោះជាមួយ ប៉ាគីស្ថាន។ គេមិនត្រូវភ្លេចទេថា ឥណ្ឌា និងប៉ាគីស្ថាន សុទ្ធតែជាប្រទេសមហាអំណាចនុយក្លេអ៊ែរ ហើយប្រទេសទាំងពីរនេះសុទ្ធតែទាមទារយកតំបន់កាស្មៀរទាំងមូលមកកាន់កាប់រៀងៗខ្លួន៕
ប្រែសម្រួល៖ ម៉ែវ សាធី