ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើរដល់មន្រ្តីក្រសួងកសិកម្មនៅបណ្តាខេត្តដែលជាប់ព្រំដែន ត្រូវតែរឹតបន្តឹងឲ្យមែនទែនលើការនាំចូល ទំនិញសាច់សត្វ ដោយហេតុថា មិនត្រឹមតែធ្វើឲ្យកសិករមានការខកចិត្តក្នុងការចិញ្ចឹមទេ ប៉ុន្តែពាក់ព័ន្ធដល់សុខភាពសាធារណៈរបស់ប្រជាជន ព្រោះការនាំចូលតាមច្រករបៀងដោយមិនមានការត្រួតពិនិត្យច្បាស់លាស់ យើងមិនអាចកំណត់ថា សាច់សត្វទាំងអស់គឺប្រកបដោយគុណភាពនោះទេ ពោលគឺត្រូវតែពង្រឹងឲ្យមែនទែន កុំឲ្យយកបញ្ហាដែលដោះស្រាយជីវភាព ឬបញ្ហាលុយកាក់ជាធំឲ្យសោះ។
...
ក្រោយពិធីផ្សព្វផ្សាយច្បាប់ ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ កាលពីព្រឹកថ្ងៃទី០១ ខែសីហា នេះ លោករដ្ឋមន្រ្តី វេង សាខុន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមានថា បច្ចុប្បន្ននេះយើងច្បាស់ជាមិនបានគិតទៅដល់ការ ត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ ដែលពាក់ព័ន្ធនឹងការនាំចូលនូវប្រហិត ជាពិសេសប្រហិត សាច់ក្រក។
ការអះអាងយ៉ាងដូច្នេះរបស់លោកមរដ្ឋមន្រ្តី ខណៈដែលកាលពីថ្មីៗកន្លងទៅនេះ ក្នុងពិធីតែងតាំងប្រធានមន្ទីរខេត្តកោះកុង ដោយរូបលោកផ្ទាល់បានសាកហូបប្រហិត សាច់ក្រក ហើយបានធ្វើទុកដល់បេះដូងរបស់គាត់ ដោយប្រើថ្នាំចំនួន ២គ្រាប់ដើម្បីទប់ទល់ ។
លោករដ្ឋមន្រ្តីក្រសួងកសិកម្មសង្ឃឹមថា វិស័យឯកជន នឹងយកចិត្តទុកដាក់អនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងសហការជាមួយសមត្ថកិច្ចជំនាញក្នុងដំណើរការអាជីវកម្មរបស់ខ្លួនឲ្យបានល្អប្រសើរ។ ពិសេសគិតគូរលើការអនុវត្តស្តង់ដារអនាម័យលើផលិតផលពីសត្វ ការពង្រឹង និងជំរុញ អនុវត្តវិធានការអនាម័យសត្វ ភូមគាមអនាម័យ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺ សត្វ ក៏ដូចជាដើម្បីការពារសុខភាពសាធារណៈ និងកិច្ចការពារបរិស្ថាន ធានាបាននូវបរិយាកាសការងារ ប្រកបដោយផាសុខភាព ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋដែលរស់នៅតំបន់វិនិយោគរបស់ខ្លួន៕
ដោយ៖ ស ដារ៉ា
...