ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឲ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្ដេចធិបតី មានសេចក្ដីរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធ បើកឱ្យដំណើរការជាផ្លូវការនូវ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) អាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់ចក្រភពអង់គ្លេស ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក៏ជាការរួមចំណែកមួយដ៏សំខាន់លើវិថីអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យក្លាយទៅមូលធនមនុស្សដ៏ពិតប្រាកដ។ វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បានរួមចំណែកបន្ថែមជម្រើសមួយកាន់តែប្រសើរ និងមានភាពងាយស្រួល សម្រាប់អ្នកសិក្សានៅកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាច្រើន បានបញ្ជូនកូនចៅរបស់ពួកគេចេញទៅសិក្សានៅតាមបណ្តាប្រទេសនានា រួមមាននៅចក្រភពអង់គ្លេសផងដែរ។
-សម្ដេចធិបតី ថ្លែងថា ការបើកសាកលវិទ្យាល័យបាន គឺជារឿងអស្ចារ្យម្យ៉ាង ប៉ុន្ដែការធ្វើឱ្យសាកលវិទ្យាល័យនោះអាចឈរជើងបានយូរអង្វែង មាននិរន្តរភាពទៅបានទើបជាការប្រសើរពិតប្រាកដ។
-សម្ដេចធិបតី ថ្លែងសាជាថ្មីថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ សម្ដេចជឿជាក់ថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) នឹងជួយកម្ពុជា ក្នុងការផលិតនូវធានធានមនុស្សដែលមានគុណភាព។
-សម្តេចធិបតី ថ្លែងថា នៅតែនិយាយអះអាងថា ប្រទេសនីមួយៗមិនអាចមានភាពរីកចម្រើនទៅមុខបានទេ ប្រសិនបើខ្វះនូវធនធានមនុស្ស និងខ្សោយនូវវិស័យអប់រំនោះ ដូច្នេះវត្តមានសាកលវិ ទ្យាល័យ DE MONTFORTគឺនឹងផ្តល់តម្លៃជាច្រើនដល់និស្សិតកម្ពុជា និងផ្តល់តម្លៃទៅវិញទៅមករវាងកម្ពុជា និងអង់ គ្លេសផងដែរ។
-សម្ដេចធិបតី ថ្លែងថា លើកទឹកចិត្តឲ្យសាកលវិទ្យាល័យសហការជាមួយធុរកិច្ចអង់គ្លេស និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រនានាបណ្ដុះបណ្ដាលសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងគំនិតនវានុវត្តន៍របស់និស្សិតដែលទទួលបានពីសាកលវិទ្យាល័យ។
-សម្ដេចធិបតី ថ្លែងថា សាកលវិទ្យាល័យ បានជ្រើសរើសកម្ពុជាទីមួយនៅអាស៊ានក្នុងការបើកការបណ្ដុះបណ្ដាល បញ្ជាក់ពីទំនុកទុកចិត្ត ទទួលស្គាល់ស្ថេរភាពនយោបាយកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងកំណើនការចាយវាយរបស់កម្ពុជាវត្តមានសាកលវិទ្យាល័យគឺបង្ហាញពីការផ្ដល់តម្លៃអប់រំនៅកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា កម្ពុជា មិនអាចក្លាយទៅជាប្រទេសអ្នកមានបានឡើយ ប្រសិនបើធនធានមនុស្សរបស់កម្ពុជាមិនខ្លាំងពូកែ។ ដូច្នេះ «មនុស្ស» ជាកត្តាស្នូលនៃគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៣ និងឆ្នាំ២០៥០។
-សម្តេចធិបតី ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ជាការកត់សម្គាល់ កម្ពុជា បានដាក់ចេញនូវមហិច្ឆតារបស់ខ្លួន នៅក្នុងដំណើរអភិវឌ្ឍន៍វែងឆ្ងាយ គឺការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ ក៏បានប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់យក ឤទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
-សម្តេចធិបតី ថ្លែងថា«យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្សរបស់យើងពុំមានចំណេះដឹង និងសមត្ថភាព ជំនាញ ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាពចូលរួមកសាងមូលដ្ឋាននៃសង្គម-សេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង»។
ក្នុងន័យនេះ សម្ដេចធិបតី ចង់បញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ៥ ខាងលើនេះ គឺមិនមែនជាការដៃចន្យទេ ជាពិសេសគឺកត្តាមនុស្សដែលត្រូវបានចាប់យកជាអាទិភាពគន្លឹះខ្ពស់បំផុត។
-សម្តេចធិបតី ថ្លែងថា «មនុស្ស» គឺជាកត្តាស្នូលនៃគោលនយោបាយ តាមរយៈការចាប់យកការអប់រំ និងការបណ្តុះបណ្តាលមូលធនមនុស្ស ដែលជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋានសង្គម-សេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្តោតលើជំនាញ និងចំណេះដឹង។
-សម្ដេចធិបតី ថ្លែងបន្ថែមថា ប្រការនេះ ក៏ដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរដ៏វែងឆ្ងាយរបស់ខ្លួន ហើយឈានឆ្ពោះទៅឋានៈជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
គួរបញ្ជាក់ថា កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលជាង២ទស្សវត្សរ៍កន្លងមក ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥។ ប៉ុន្តែ ដោយសារវិបត្តិជំងឺកូវីដ-១៩ កំណើនសេដ្ឋកិច្ចកម្ពុជា បានជួបប្រទះបញ្ហាប្រឈមខ្លះ។ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះក្តី ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩ ហើយរក្សាបានលំនឹងសង្គម-សេដ្ឋកិច្ច និងឈានទៅបើកប្រទេសទាំងស្រុងឡើងវិញ៕ដោយ៖តារា