ភ្នំពេញ ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញ «សម្ពោធសាកលវិទ្យាល័យ De Montfort» នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមកដែលមានលក្ខណៈយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ De Montfort សហការឱ្យបានជិតស្និទ្ធជាមួយបណ្តាបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេសដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំជាមួយនឹងទីផ្សារការងារ។ ទន្ទឹមនឹងនេះ សម្តេច ក៏បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផ្សេងៗទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារជាក់ស្តែងនៅកម្ពុជាជាមួយនឹងគំនិតនវានុវត្តន៍ដែលនិស្សិតរបស់យើងនឹងទទួលបានពីឧត្តមភាពនៃការសិក្សាពីសកលវិទ្យាល័យ De Montfort។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា នៅថ្ងៃអនាគតសម្តេចចង់ឃើញសកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ ជាហិប និងជាដែកឆក់នៃការវិនិយោគមកពីចក្រភពអង់គ្លេសដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និងអនាគតអ្នកដឹកនាំដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាលជាមួយនឹងតួអង្គទីផ្សារវិនិយោគិន និងឧស្សាហកម្មនាអនាគតរបស់ចក្រភពអង់គ្លេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «វត្តមាននៃសាកលវិទ្យាល័យ De Montfort គឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយរបស់អង្គការសហប្រជាជាតិ ជាដៃគូសហការជាមួយនឹងមជ្ឈមណ្ឌលអប់រំនានារបស់អង្គការសហប្រជាជាតិ និងជាដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ ការងារសហគមន៍ និងឧត្តមភាពសិក្សា»។
សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថា សាកលវិទ្យាល័យ De Montfort អាចជួយកម្ពុជា ក្នុងការការពាររំហូរចេញនៃធនធានខួរក្បាល តាមរយៈការផ្ដល់នូវការអប់រំ និងការបង្កើតការងារនៅនឹងកន្លែងពោល គឺនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជឿជាក់ថា នេះគឺជាកាលានុវត្តភាពថ្មី សម្រាប់និស្សិតយើង ក្នុងការ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកំណើតរបស់ខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សាកលវិទ្យាល័យ De Montfort ក៏នឹងផ្ដល់ឱកាសដល់និស្សិតខ្មែរ ដែលមានបំណងចង់ទទួលបានបទពិសោធសិក្សាថ្នាក់ឧត្តមសិក្សាទាំងរយៈពេលខ្លី និងវែង នៅចក្រភពអង់គ្លេស ឬនៅប្រទេសផ្សេងទៀត, ប៉ុន្តែយ៉ាងណាក្តី តាមរយៈការផ្សារភ្ជាប់វត្តមានផ្ទាល់ នៅលើទឹកដីរបស់កម្ពុជា សាកលវិទ្យាល័យនេះក៏នឹងរួមចំណែកបណ្ដុះវប្បធម៌ និងការយល់ដឹងពីបរិការណ៍អន្តរជាតិ ទន្ទឹមគ្នានឹងបរិការណ៍ដោយឡែកនៃគុណតម្លៃ និងការវិវឌ្ឍនៃសង្គមកម្ពុជាផងដែរ៕