ខេត្តបន្ទាយមានជ័យ៖ នគរបាលព្រហ្ម ទណ្ឌនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ កំពុងតាមចាប់ជនទុច្ចរិត ដែលទិញលក់ ក្បាលអ្នកតានៅស្រុកភ្នំស្រុក នាពេលថ្មីៗ នេះយកមកផ្តន្ទាទោសតាមច្បាប់ ខណៈ សំណុំរឿងនេះកំពុងតែបែកធ្លាយរំខានដល់ សមត្ថកិច្ចនិងធ្វើឲ្យជនល្មើសដឹងខ្លួន ។
លោក សិទិ្ធ ឡោះ ស្នងការរងកណ្តាល ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅថ្ងៃទី៣០ ខែកក្កដានេះថាករណីនេះនគរបាលយុត្តិធម៌កំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យជួញដូរក្បាល អ្នកតាឲ្យបានទាំងសំបុកបន្ទាប់ពី នគរបាលការិយាល័យជំនាញរបស់លោកសហការជាមួយនគរបាលស្រុកភ្នំស្រុកដកហូតបានព្រះកេសព្រះទម្ងន់២,២គីឡូក្រាមជាប្រភេទលង្ហិន និងសំរឹទ្ធិ ពីប្រជាពល រដ្ឋឈ្មោះ ទុំ សណ្ដាន់ អាយុ៤៩ឆ្នាំ ប្រពន្ធ ឈ្មោះ កែវ ចាន់រើន អាយុ៤៩ឆ្នាំ រស់នៅ ភូមិត្រពាំងថ្ម ខាងត្បូងឃុំប៉ោយចារ្យ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ទី២៣ មិថុនា ២០១៦ ។
ពលរដ្ឋម្ចាស់ក្បាលអ្នកតាបាន អះអាងថា ខ្លួនរើសបានថ្មមួយដុំរាង ដូចក្បាលអ្នកតាដែលកប់ក្នុងដីពេល គាត់យកគោទៅចងខាងកើតសាលារៀន បឋមសិក្សាត្រពាំងថ្មខាងកើតភូមិ ប្រហែល៥០០ម៉ែត្រ កាលពីថ្ងៃទី២១ មិថុនា២០១៦ ហើយយកមកផ្ទះត្រូវឈ្មួញសុំទិញតម្លៃដល់៧ម៉ឺនបាត និង១០០ ដុល្លារយកទៅបាត់បាន២ថ្ងៃ ត្រូវនគរ បាលហៅសាកសួរដកហូតប្រាក់ថៃ ចំនួន៥២០០០បាត ដោយមានកំណត់ហេតុប្រគល់ទទួលយ៉ាងត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ ពីឈ្មោះ ទុំ សណ្តាន់ ជាមួយ នគរបាលមិនបានឃាត់ខ្លួននោះទេ ។ ដោយគ្រាន់តែឲ្យចូលរួមសហការផ្តល់ប្រាប់ពីឈ្មួញដែលមកទិញ។
តាមច្បាប់ ឈ្មោះ ទុំ សណ្តាន់ ពេលដែល រើសបាន វត្ថុបុរាណ ដែលជាព្រលឹងជាតិ អត្តសញ្ញាណជាតិត្រូវប្រគល់ជូនសមត្ថ កិច្ច ឬ អាជ្ញាធរ ដើម្បីបានការលើកទឹកចិត្ត តែបែរជាយកទៅលក់បន្តខុសច្បាប់ទៅ វិញ ។ មកដល់ពេលនេះមុខសញ្ញាដែលសមត្ថកិច្ចកំពុងតាមចាប់បានផ្លាស់ប្តូរ និងមិនដឹងយកវត្ថុ បុរាណនោះរក្សាទុកឬលក់បន្តដល់ណានោះទេ ។
បើតាមការសន្និដ្ឋានរបស់ សមត្ថកិច្ច ការទិញលក់វត្ថុបុរាណ ដោយ មានវត្ថុតាង ផងនោះ វាជាលក្ខណៈជួញដូរវត្ថុបុរាណ ដែលច្បាប់ហាមឃាត់ ។ ម្យ៉ាងទៀតតាមការបង្ហាញបង្ហោះលើប្រព័ន្ធអេឡិចត្រូនិក តាមរយៈសារព័ត៌មាន និង ហ្វេសបុ៊ក តើវាចំណេញសម្រាប់សមត្ថកិច្ចឬជនល្មើស? ៕
ដោយ៖ ហេង នរិន្ទ្រ