តាកែវ ៖ ដោយមើលឃើញពីការលំបាកខ្វះខាតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ក្រុមគ្រួសារលោកយាយម្នាក់ ដែលនៅក្នុងបន្ទុកគ្រួសារមាន៣នាក់ម្តាយកូនសុទ្ធសឹងតែជាអ្នកពិការ ដោយលោកយាយ ជាម្តាយពិការខ្នងដេកនៅនឹងកន្ទេលមួយកន្លែង កូនប្រុសច្បងពិការជើងនៅរកិលគូទមួយកន្លែង រីឯកូនស្រីពៅពិការដៃ តែអាចលក់នំបន្តិចបន្តួច គ្រាន់ចិញ្ចឹមម្តាយ និងបងប្រុស ជាគ្រួសារទុរគត រស់ក្រោមដំបូលខ្ទមប្រក់ស្លឹក បិទបាំងជញ្ជាំងធ្លុះធ្លាយ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គបុរី ខេត្តតាកែវ កំពុងតែដង្ហើយរកជំនួយមនុស្សធម៌នោះ ជាក់ស្តែងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ក្រុមសារព័ត៌មានមនុស្សធម៌និងយុវជនឆ្នើម បាននាំយកថវិការ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាទឹកចិត្តរបស់សប្បុរសជនទាំងក្នុងស្រុក និងក្រៅប្រទេស ទៅផ្តល់ជូនដល់ក្រុមគ្រួសារលោកយាយដល់ខ្នងផ្ទះផ្ទាល់តែម្តង ។
សូមបញ្ជាក់ថា ក្រុមសារព័ត៌មានមនុស្សធម៌ និងយុវជនឆ្នើម គឺជាការបង្កើតឡើងដោយយុវជន ជាអ្នកសារព័ត៌មានអាជីពមួយក្រុម ដែលក្នុងនោះរួមមាន បុគ្គលិកទូរទស្សន៍អប្សរា ទូរទស្សន៍អាស៊ីអាគ្នេយ៍ ទូរទស្សន៍បាយ័ន ទូរទស្សន៍ហង្សមាស កាសែតនគរវត្ត និងវេបសាយ Expressnews Netwok (ENN) ។
បើតាមលោក ចាន់ កែវ មេភូមិកំពង់ពោធិ៍ បានឱ្យដឹងថា លោកយាយឈ្មោះ ទៀង ស្រេង អាយុ៧៩ឆ្នាំ ចាស់ជរា និងជាស្រ្តីម៉េម៉ាយ ឈ្មោះ សុខ ហឿន អាយុ៤៦ឆ្នាំ ពិការជើងទាំងពីរ រីឯកូនស្រី ឈ្មោះ សុខ ស្រឿន អាយុ៤០ឆ្នាំ ពិការដៃ ។ អំណោយដែលត្រូវយកទៅផ្តល់ជូនក្នុងនោះរួមមាន ៖ អង្ករ២បាវ (១០០គីឡូក្រាម) ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគមួយចំនួនទៀត និងថវិការ២០ម៉ឺនរៀលផងដែរ ។
ក្រុមគ្រួសារលោកយាយទាំង៣នាក់ម្តាយកូន បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងរំភើបជាទីបំផុត ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមសារព័ត៌មានមនុស្សធម៌ និងយុវជនឆ្នើម ជាពិសេសទឹកចិត្តរបស់សប្បុរសនានាទាំងក្នុងស្រុក និងក្រៅប្រទេស ដែលបានជួយដល់គ្រួសាររបស់លោកយាយ ដែលកំពុងតែមានការបាកខ្វះខាតខ្លាំង ។
ជាមួយគ្នានេះដែរ ក្រុមសារព័ត៌មានមនុស្សធម៌ និងយុវជនឆ្នើម ក្នុងនាមក្រុមគ្រួសារលោកយាយ ថ្លែងអំណរគុណយ៉ាងជ្រាលឃ្រៅជាទីបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនពូមីង ដែលបានជួយឧបត្ថម្ភ ជាសម្ភារៈ គ្រឿងឧបភោគបរិភោបគនិងថវិការ ទោះជាមានចំនួនតិចតួចឬច្រើនក្តី ប៉ុន្តែបានបង្ហាញឱ្យឃើញពីការជួយយកអាសា និងគិតគូរពីសុខទុក្ខគ្នាទៅវិញទៅមក ក្នុងនាមជាជនរួមជាតិជាមួយគ្នា ៕
ដោយៈសុខាសែនជ័យ