សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាស្នូល នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តាមនុស្ស នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ឆ្នាំ២០៥០ ខណៈការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ។

នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យមួយ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ម្សិលមុិញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានកំណត់យកអទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សជាអទិភាពខ្ពស់បំផុត ។

សម្តេចធិបតី មានប្រសាសន៍ថា មនុស្ស គឺជាកត្តាស្នូល នៃគោលនយោបាយរបស់យើង, ដូច្នេះហើយការអប់រំ និង ការបណ្តុះបណ្តាលមូលធនមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្តោតលើជំនាញ និងចំណេះដឹង និងដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរដ៏វែងឆ្ងាយរបស់យើងឈានឆ្ពោះទៅឋានៈជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

សម្តេច បន្តថា ដើម្បីឈានទៅដល់គោលដៅនេះ ស្ថាប័នឧត្តមសិក្សា គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល បើនិយាយជារួម ហើយស្ថាប័នសិក្សារបស់អង់គ្លេស ក៏មានតម្លៃបន្ថែមជាពិសេសរបស់ខ្លួន ទាក់ទងទៅនឹងការចូលរួមចែករំលែកបទពិសោធន៍របស់អង់គ្លេស នៅក្នុងការកសាងសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មជឿនលឿន ដោយផ្នែកលើចំណេះដឹង និងជំនាញ បើនិយាយដោយឡែក ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្សរបស់យើង ពុំមានចំណេះដឹង និង សមត្ថភាពជំនាញ, ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ, ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាពចូលរួមកសាង មូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត ដល់សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត សហការឱ្យបានជិតស្និត ជាមួយបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំ ជាមួយនឹងទីផ្សារការងារ និងសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផ្សេងៗ ទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារ ជាក់ស្តែងនៅកម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print