ភ្នំពេញ៖ កំណាត់ផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរងការខូចខាត ត្រូវបានជួសជុលភ្លាមៗ និងបានដំណើរការជាប្រក្រតីវិញហើយ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ នេះជាការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។
លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តថា ៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានពង្រឹងទីតាំងនោះដែលមានទឹកដក់បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នា ដោយពង្រឹងគ្រឹះ ចាក់ថ្ម និងធ្វើប្រព័ន្ធលូដើម្បីបញ្ចៀសទឹកបណ្តាលឱ្យប៉ះពាល់ដល់តួផ្លូវ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤ និង៣០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ រថភ្លើងមួយខ្សែចេញដំណើរពីបាត់ដំបងឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានជួបឧប្បត្តិហេតុធ្លាក់ទូដឹកប្រេងឥន្ធនៈចេញពីដែករ៉ៃ លើផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៦ទូ(ទូទទេ)មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែកឡើយ។
ក្រុមការងារបច្ចេកទេសបានអន្តរាគមន៍បន្ទាន់ និងយកចិត្តទុកដាក់ខ្ពស់ ដោយបានពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ និងមើលឃើញស្ថានភាពផ្លូវដែកខូចខាតប្រវែង១០០ម៉ែត្រស្រុតមួយចំហៀងដោយសារទឹកហូរច្រោះបន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា។
ចំពោះការជួសជុល ស្តារភ្លាមៗ គឺប្រើប្រាស់ប្រភេទដែករ៉ៃ និងគ្រឿងក្រចាប់បម្រុងទុកសម្រាប់ប្រើប្រាស់បណ្តោះអាសន្ន។ ក្រោយខ្សែរថភ្លើងដឹកអ្នកដំណើរ, ខ្សែរថភ្លើងដឹកទំនិញ បានឆ្លងផុតរួចរាល់តាមកាលវិភាគ ក្រុមការងារបច្ចេកទេសបានបន្តជួសជុល ពង្រឹង គុណភាពផ្លូវដែកកំណាត់ខូចខាតនេះ ឱ្យមានគុណភាពប្រើប្រាស់ដូចសភាពដើមវិញ ដោយប្រើប្រាស់ប្រភេទដែករ៉ៃ BS80 A, កំណល់ដែក និងគ្រឿងក្រចាប់ដែក ដែលមានគុណភាពទ្រទ្រង់ខ្ពស់ និងប្រើប្រាស់គ្រឿងចក្របង្ហាប់របស់ក្រុមហ៊ុន។តាមផែនការជួសជុល ស្តារឡើងវិញនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ។
ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល តែងបានប្រកាសប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។ក្រុមហ៊ុននឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មអោយកាន់តែល្អជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕