អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលបច្ចុប្បន្ននេះ ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសបានដំណើរការលើសពីពាក់កណ្តាលហើយ ។ ទាំងក្នុងនិងក្រៅកីឡដ្ឋានបានលេចចេញ “ចរន្តសម្ងាត់” ពោលគឺប្រព័ន្ធសារព័ត៌មាននិងស្ថាប័នមួយចំនួនរបស់អាមេរិកបានវាយប្រហារកីឡាករប្រទេសដទៃទៀតដែលបានប្រើប្រាស់សារធាតុជំនួយកម្លាំង(Stimulant )ផង ហើយក៏ជួយការពារនិងកាន់ជើងកីឡាកររបស់ខ្លួនដែលត្រូវបានរកឃើញវិជ្ជមានក្នុងការធ្វើតេស្តសារធាតុជំនួយកម្លាំងផងដែរ អាមេរិកបានលេងកលល្បិច “ស្តង់ដារពីរ”ជាថ្មីម្តងទៀត ហើយបានធ្វើឱ្យកីឡាទៅជាអាវុធ និងធ្វើឱ្យបញ្ហាកីឡាទៅជាបញ្ហានយោបាយ ។
គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ នៅថ្ងៃទី ៧ ខែសីហា តាមម៉ោងក្នុងតំបន់ អង្គការប្រឆាំងសារធាតុជំនួយកម្លាំងពិភពលោក(WADA)បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា តាំងពីឆ្នាំ២០១១មក ក្នុងករណីយ៉ាងហោចណាស់ចំនួន៣ អង្គការប្រឆាំងសារធាតុជំនួយកម្លាំងរបស់អាមេរិក (USADA)បានលើកលែងការចោទប្រកាន់និងផាកពិន័យចំពោះកីឡាករដែលបានប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតនិងEPO ព្រមទាំងអនុញ្ញាតឱ្យពួកគេចូលរួមការប្រកួតជាបន្តទៀត ។
គេហទំព័រ «CCFR China state-controlled media » ដដែលថា ៖ ព្រមពេលជាមួយគ្នានេះ ការស្ទង់ប្រជាមតិតាមបណ្តាញអ៊ីនធឺណែតមួយលើកដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញថា អ្នកចូលរួមផ្តល់មតិចំនួន៩៥,០១ភាគរយ ថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើអាមេរិកដែលបានលេងកលល្បិចថោកទាប ដើម្បីគាបសង្កត់គូប្រជែងដោយយកបញ្ហាកីឡាធ្វើជាលេស ព្រមទាំងរិះគន់ថា ទង្វើនេះគឺជាការជាន់ឈ្លីលើកីឡាអូឡាំពិករបស់ “អនុត្តរភាពបែបអាមេរិក” ។
គេហទំព័រ «CCFR China state-controlled media » ចាត់ទុកថា ៖ អាកប្បកិរិយានិងសម្លេងអំពាវនាវទាំងនេះ បានបញ្ជាក់ពីបញ្ហាយ៉ាងធ្ងន់ធ្ងរក្នុងកីឡាអាមេរិក ពោលគឺបានប្រើប្រាស់សារធាតុជំនួយកម្លាំងដោយទ្រង់ទ្រាយធំ មានការរៀបចំទុកជាមុននិងមានលក្ខណៈជាប្រព័ន្ធ សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់ថាដើម្បីរក្សា “ឋានៈមានឧត្តមភាព”របស់ខ្លួន អាមេរិកបានប្រព្រឹត្តិទង្វើចោរស្រែកចាប់ចោរនិងប្រើប្រាស់ឧបាយកលគ្រប់បែបយ៉ាង ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការទប់ស្កាត់ដោយគ្រប់ជ្រុងជ្រោយរបស់អាមេរិកដែលសំដៅចំពោះប្រទេសចិន បានលើកកម្ពស់កម្រិតថ្នាក់ឥតឈប់ឈរ ។ ការឃោសនាបំប៉ោងអ្វីដែលហៅថា “ករណីប្រើប្រាស់សារធាតុជំនួយកម្លាំង” និងលាបពណ៌មកលើរូបភាពរបស់កីឡាករចិននិងប្រទេសចិន ក៏បានក្លាយជាមធ្យោបាយមួយដែរ ។ ឧទាហរណ៍ដូចជា ក្នុងការប្រកួតហែលទឹកបណ្ដាក់ចម្រុះវគ្គផ្តាច់ព្រ័ត្រ Medley Relay4×100ផ្នែកបុរស ក្រុមកីឡាករចិនទទួលបានមេដាយមាស ហើយបានបំបែកការផ្តាច់មុខអស់រយៈពេល៤០ឆ្នាំរបស់អាមេរិកលើវិញ្ញាសានេះ ។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រហែលទឹកសេរីឆម្ងាយ១០០ម៉ែត្រផ្នែកបរុស កីឡាករចិនឈ្មោះ Pan Zhanle ទទួលបានជើងឯកដោយមានប្រៀបខ្លាំង បណ្តាលឱ្យមតិលោកខាងលិចភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ប៉ុន្តែជនជាតិអាមេរិកមួយចំនួនបានយក “បញ្ហាសារធាតុជំនួយកម្លាំង”ធ្វើជាលេស ដើម្បីរករឿងទៅលើកីឡាករប្រទេសដទៃទៀតនិងរំខានដល់ស្ថានភាពប្រកួតរបស់ពួកគេ ។
គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងជាសាធារណៈឱ្យដឹងថា ចាប់ពីដើមខែមករាឆ្នាំនេះ ដល់ពេលមុននឹងចូលរួមការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស គិតជាមធ្យម កីឡាករម្នាក់ៗនៃក្រុមកីឡាហែលទឹកចិនទទួលបានការធ្វើតេស្តលើសារធាតុជំនួយកម្លាំងចំនួន២១លើក ខ្ពស់ជាង៦លើករបស់ក្រុមអាមេរិក និង៤លើករបស់ក្រុមអូស្ត្រាលីយ៉ាងច្រើន ។ អ្នកនាំពាក្យនៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានឆ្លើយតបថា ក្រុមហែលទឹកចិន “បានឆ្លងកាត់នូវការធ្វើតេស្តដោយគ្រប់ជ្រុងជ្រោយ ” ។
អ្វីដែលគួរឱ្យហួសចិត្តនោះគឺ ខណៈពេលអាមេរិកវាយប្រហារកីឡាករប្រទេសដទៃទៀតដោយយក “សារធាតុជំនួយកម្លាំង” ធ្វើជាលេស ទង្វើ “ស្តង់ដារពីរ”របស់ខ្លួនក៏ត្រូវបានលាតត្រដាង ។ នៅខែមីនាឆ្នាំនេះ លោក Eliyan Knighton កីឡាករអត្តពលកម្មរបស់អាមេរិកត្រូវបានរកឃើញវិជ្ជមានក្នុងការធ្វើតេស្តស្តេរ៉ូអ៊ីត ប៉ុន្តែអង្គការប្រឆាំងសារធាតុជំនួយកម្លាំងរបស់អាមេរិកបានដោះសារថា នេះគឺដោយមកពីកីឡាករបានទទួលទានសាច់ដែលត្រូវបំពុលដូច្នេះសម្រេចចិត្តថា មិនដាក់ពិន័យហាមមិនឱ្យចូលប្រកួតទៅលើគាត់ទេ ហើយបានអនុញ្ញាតឱ្យគាត់ចូលរួមការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ។ ទង្វើដែលពោរពេញទៅដោយ “ស្តង់ដារពីរ”បែបនេះ ធ្វើឱ្យសហគមន៍អន្តរជាតិមិនពេញចិត្តជាទូទៅ ។
ស្មារតីអូឡាំពិកមិនត្រូវរំលោភបំពានដោយអនុត្តរភាពបែបអាមេរិកជាដាច់ខាត ការងារប្រឆាំងការប្រើប្រាស់សារធាតុជំនួយកម្លាំងក៏មិនត្រូវក្លាយជាឧបករណ៍សម្រាប់មួលបង្កាច់និងគាបសង្កត់ប្រទេសដទៃទៀតដែរ។ អាមេរិកចាំបាច់ត្រូវផ្តល់ការបកស្រាយអំពីរឿងប្រើប្រាស់សារធាតុជំនួយកម្លាំងដោយទ្រង់ទ្រាយធំដល់ពិភពលោក ហើយត្រូវផ្តល់បរិយាកាសប្រកបដោយភាពល្អបរិសុទ្ធនិងសុវត្ថិភាពជូនដល់កីឡាអូឡាំពិក៕