ភ្នំពេញ ៖ រថយន្តមួយគ្រឿង បើកបរខ្វះប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូពីក្រោយ រងការខូចខាត បណ្តាលអោយនារីជាសង្សារម្ចាស់ម៉ូតូ រលាត់ដៃជើង ។
គ្រោះថ្នាក់ចរាចរណ៍នេះដែរបង្កភ្ញាក់ផ្អើល នៅវេលាម៉ោង ១២ នឹង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្តុបឋានសួគ៍ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ ២១៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានប្រជាពលរដ្ឋប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញមានគូរសង្សារមួយគូរ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KP-9205 ឌុបគ្នាដើរលេងតាមបណ្តោយផ្លូវលេខ ២១៥ លុះមកដល់ចំណុចស្តុបឋានសួគ៍ ក៏ឈប់នៅលើគំនូសសម្រាប់អ្នកដើរថ្មើរជើងបានបន្តិច ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្ត ហ្វត ម៉ាសស្តេង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BU-2100 បើកបរក្នុងទិសដៅស្របគ្នា ខណៈមកដល់ចំណុចកើតហេតុ បុរសដែលបើករថយន្ត បានអោនលើកទូរស័ព្ទ បណ្តាលអោយជ្រុលទៅបុកម៉ូតូពីក្រោយ បង្កការខូចខាតបន្តិចបន្តួច នឹងធ្វើអោយនារីជាសង្សាររលាត់ដៃជើង ។ ភ្លាមៗ ម្ចាស់រថយន្តបានចុះពីលើរថយន្ត មកសម្របសម្រួល ភាគីខាងម៉ូតូ ។ ដោយយុវជនជាម្ចាស់ម៉ូតូទាមទារសំណងថ្លៃខូចខាតពីម្ចាស់រថយន្ត ចំនួន ៨០០ដុល្លារ ដើម្បីបញ្ចប់រឿង ប៉ុន្តែម្ចាស់រថយន្តសុំសងចំនួន ៣០០ដុល្លារ តែម្ចាស់ម៉ូតូមិនព្រមនោះ ទាល់តែឱ្យសំណងតាមដែលគាត់ទារទើបយល់ព្រមបញ្ចប់ ។
ក្រោយកើតហេតុ ដោយមានការមិនយល់ព្រមទាំងសងខាងសមត្ថកិច្ចមូលដ្ឋានរួមជាមួយមន្រ្តីជំនាញចរាចរណ៍ សម្រេចធ្វើការវាស់វែងយកម៉ូតូ នឹងរថយន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីដោះស្រាយបន្តពេលក្រោយ៕ដោយ៖ ចន្ទ លីហ្សា