ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចម៉ូតូនៅក្រុងបាវិត។
ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង ១២និង១០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិតែងម៉ៅ ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
យោងតាម សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះហ៊ាន សឹងហៃ អាយុ១៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។
ប្រភពបន្តថា នៅវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ ប៉ុស្តិ៍នគបាលរដ្ឋបាលបាវិតបានទទួលពាក្យបណ្ដឹងមួយច្បាប់ពីប្រជាពលរដ្ឋឈ្មោះភឿន តុលា ភេប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមានទីនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរាប់រៀបថា នៅវេលាម៉ោង៧ព្រឹក នាខែឆ្នាំដដែល ខ្លួនបានបញ្ឈរម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២២ ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង 1R-1494 នៅខាងមុខផ្ទះស្ថិតភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត រួចបានដកសោដាក់ទៅក្នុងថតទូជាមួយនឹងទូរស័ព្ទដៃ0PP0មួយគ្រឿង ហើយក៏បានចូលទៅដេកក្នុងបន្ទប់។
រហូត ដល់ម៉ោង៩ៈ៣០នាទីព្រឹក ខ្លួនក៏ក្រោកពីដំណេកហើយរកមើលម៉ូតូ និងទូរស័ព្ទពុំឃើញ ទើបដឹងថាមានចោរចូលលួចបាត់តែម្ដង។
ក្រោយពីទទួលបណ្ដឹងរួច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ តាមកាមេរ៉ាសុវត្ថិភាព និងឃើញភិនភាគចោរនោះ កំពុងជិះម៉ូតូចេញពីកន្លែងកើតហេតុ ។
រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១២ៈ១០នាទី ម្ចាស់ម៉ូតូបានរាយការណ៍មកសមត្ថកិច្ច ឃើញម៉ូតូដែលបាត់នោះហើយ គឺស្ថិតនៅភូមិតែងម៉ៅ ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចយើងបានសហការ ជាមួយនគរបាលស្រុកចន្ទ្រា ហើយក៏ឃាត់បានមុខសញ្ញាជនសង្ស័យ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២២ ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង 1R-1494 និងទូរស័ព្ទដៃ០១គ្រឿងម៉ាកoppo នៅចំនុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ពិតប្រាកដមែន ហើយជិះម៉ូតូនោះគេចខ្លួនទៅផ្ទះបងប្អូន នៅស្រុកចន្រ្ទា រីឯទូរស័ព្ទនោះ គឺខ្លួនលក់ឱ្យមនុស្សម្នាក់មិនស្គាល់ឈ្មោះ បានប្រាក់១០ម៉ឺនរៀល រហូតដល់ថ្ងៃទី១០ ខែសីហា ក៏ត្រូវម្ចាស់គេឃើញរូបខ្លួនតែម្ដង ។
ក្រោយពីបានចម្លើយសារភាពរួច លោកអធិការក៏បានសុំយោបល់លោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការការឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្តកិច្ចយើងកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីក៏សាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ សុថាន