ខេត្តកំពង់ចាម៖ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រីនៅចំណុចភូមិគុហេ ស្រុកកងមាស ខេត្តកំពង់ចាម។ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ។
សូមជម្រាបថា សមត្ថកិច្ចជំនាញអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយមានការចូលរួមជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៤ទៀបភ្លឺ បានចុះទៅបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រី នៅចំណុចភូមិគុហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ជាលទ្ធផល នៃការបង្រ្កាបបទល្មើសជលផល បានឃាត់ចាប់រថយន្ត pick up ម៉ាក NAVARA ពាក់ស្លាកលេខកំពង់ចាម 2B-5163 ដែលប្រើជាមធ្យោបាយដឹកកូនត្រី និងកូនត្រីចម្រុះមានចំនួន៣០កានស្មើនឹង៦០០គីឡូក្រាម ចំណែកជនល្មើសបានរត់គេចខ្លួនបាត់។ វត្ថុតាងខាងលើត្រូវបានបញ្ជូនទៅខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល៕
ដោយ៖តារា