ខេត្តកំពង់ចាម ៖ ក្រុមអ្នករកសីុដឹកឧស ឆ្លងកាត់ស្ថានីយថ្លឹងរថយន្ត នៅតាមផ្លូវជាតិលេខ៦ ឋិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាមបានបញ្ចេញប្រតិកម្ម ព្រោះតែជញ្ជីងនៅស្ថានីយថ្លឹងរថយន្តមួួយកន្លែងនេះហាក់មានមិនប្រក្រតី ។
គេធ្លាប់តែឮ ជញ្ជីងថ្លឹងត្រី ថ្លឹងសាច់គោ សីុភ្នែកគីឡូ ប៉ុន្តែឥឡូវនេះជញ្ជីងថ្លឹងរថយន្តនៅជិតថ្នល់កែងក៏សីុភ្នែកជញ្ជីងណាស់ដែរ។ ក្រៅពីនោះម្ចាស់រថយន្តដឹកឧស ក៏ត្រូវបង្ខំចិត្ត បង់ប្រាក់ជូនលោកប្រធាន ស្ថានីយថ្លឹងរថយន្តនៅចំណុចខាងលើនេះ យ៉ាងហោចណាស់១០មឺុនរៀល ដើម្បីលោកប្រធានយកទៅផ្គត់ផ្គង់បាយទឹក ។
ម្ចាស់រថយន្តដឹកឧសមួយរូបលោក ជុំ ចាន់ថន បានឲ្យដឹងថា រថយន្តរបស់លោកត្រូវបានមន្ត្រីនៅស្ថានីយថ្លឹងរថយន្តខាងលើឃាត់កាលពីថ្ងៃទី២៩ ខែកក្កដា ហើយពិន័យប្រាក់១លានរៀល ដោយមិនតម្រូវឲ្យរើឥវ៉ាន់ដែលលើសទម្ងន់ចេញពីរថយន្តនោះឡើយ ។
លោកថា ទម្ងន់រថយន្តនិងឧសដែលផ្ទុកតែជាង៣០តោនស្របពេលដែលច្បាប់កំណត់មិនឲ្យលើស៣៥តោន ។ ប៉ុន្តែស្ថានីយថ្លឹងរថយន្តនេះថ្លឹងឃើញរហូតដល់៤០តោន ។ លោកថា “ខ្ញុំព្រមបង់ ព្រមផាកពិន័យ ប៉ុន្តែខ្ញុំចង់ទៅថ្លឹងនៅ ជញ្ជីងផ្លូវជាតិលេខ៤ទៀត បើអត់លើសទេ តើគិតយ៉ាងម៉េច?” ។
អ្នករកសីុដឹកឧសរូបនេះបានឲ្យដឹងថា ឧសនោះជាប្រភេទឈើងាប់ៗដែលដឹកចេញពីខេត្តព្រះវិហារយកទៅលក់ឲ្យម្ចាស់សិប្បកម្មឡឥដ្ឋក្នុងខេត្តកណ្តាល ដោយឆ្លងកាត់ជញ្ជីងនៅស្ថានីយថ្លឹងរថយន្តខេត្តកំពង់ធំ ។ នៅស្ថានីយថ្លឹងរថយន្តខេត្តកំពង់ធំរថយន្តដឹកឧសនេះបានចូលថ្លឹងត្រឹមត្រូវ ប៉ុន្តែមិនឃើញលើសទម្ងន់ទេ ។
ប្រភពពីអ្នករកសីុដឹកឧសផ្សេងទៀត បាននិយាយថា មូលហេតុដែលមន្ត្រីប្រចាំការនៅស្ថានីយថ្លឹងរថយន្តថ្នល់បែក ចាប់រថយន្តដឹកឧសនោះដោយសារតែខឹងពួកគាត់មិនបង់ប្រាក់ថ្លៃបាយឲ្យពួកគេ ។ ថ្លៃបាយសម្រាប់ពួកមន្ត្រីនៅ ស្ថានីយថ្លឹងរថយន្តចំណុចខាងលើនេះម្តងពី១០ទៅ២០មុឺនរៀល ។ គ្រប់ពេលទោះបីជាការដឹកជញ្ជូនមិនលើសទម្ងន់ ក៏ត្រូវតែបង់ប្រាក់ថ្លៃបាយឲ្យពួកមន្ត្រីទាំងនោះដែរ ។
ក្រុមអ្នករកសីុដឹកឧសក៏ដូចជាដឹកទំនិញផ្សេងទៀតនិយាយដោយខ្លីថា ពួកគេមិនចង់មានទំនាស់ជាមួយមន្ត្រីទទួលបន្ទុកខាងថ្លឹងរថយន្តនេះទេដោយសារតែការរកសីុត្រូវឆ្លងកាត់ផ្លូវថ្លឹងរថយន្តគ្រប់ពេលវេលា ខ្លាចថ្ងៃក្រោយពួកមន្ត្រីទាំងនោះធ្វើបាប ។
ពាក់ព័ន្ធនឹងករណីចាប់រថយន្តដឹកឧសកាលពីចុងខែកក្កដាកន្លងទៅនោះក្រុមអ្នកដឹកឧសបានសម្រេចបង់ប្រាក់តាមការពិន័យព្រោះគាត់ប្រញាប់ដឹកទំនិញឲ្យគេតាមការកំណត់ ។ ម្យ៉ាងទៀតដើម្បីយករថយន្តទៅថ្លឹងនៅកន្លែងផ្សេង ។ នៅពេលគាត់យកជញ្ជីងទៅថ្លឹងនៅស្ថានីយតាមផ្លូវជាតិលេខ៣ និងតាមផ្លវជាតិលេខ៤ ឃើញថា ទម្ងន់សរុបទាំងរថយន្តនិងឧសមានជិត ៣២តោន ។ ដូច្នេះមានន័យថា នៅឯស្ថានីយថ្លឹងរថយន្តថ្នល់កែងសីុភ្នែកគីឡូរហូតដល់ ជិត១០តោន ។
លោកឃួន ថុល ប្រធាន ស្ថានីយថ្លឹងរថយន្តខេត្តកំពង់ចាម មិនអាចសុំការបំភ្លឺបានទេ ។ លោក វ៉ា សុឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការក៏មិនធ្វើអត្ថាធិប្បាយវែងឆ្ងាយដែរ ព្រោះមិនទាន់ទទួលបានរបាយការណ៍ច្បាស់លាស់ ។
ក្រសួងសាធារណការគ្រោងពង្រីកស្ថានីយថ្លឹងរថយន្តឲ្យបានច្រើនកន្លែងនៅតាមផ្លវជាតិសំខាន់ៗប្រយោជន៍ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់នាំឲ្យខូចផ្លូវថ្នល់ ។ ប៉ុន្តែស្ថានីយថ្លឹងរថយន្តខ្លះគ្រាន់តែដើម្បីយកប្រាក់ពីរថយន្តដឹកលើសទម្ងន់ប៉ុណ្ណោះ ។ ជាក់ស្តែងដូចជាករណីខាងលើនេះជាដើម ៕
ដោយ៖ ហេង សូរិយា