ភ្នំពេញ៖ ដំណឹងមរណភាពរបស់អតីតតារាសម្តែង ហង្ស ផល្លីមធុរ៉ា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងព្រោះតែជីវិតដ៏កម្សត់របស់អតីតតារាសម្តែងល្បីឈ្មោះម្នាក់ត្រូវរកផ្ទះជ្រកមិនបាន។ សពរបស់លោកនឹងត្រូវរៀបចំពិធីបូជាតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅព្រឹកថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០១៦នេះ នៅវត្តទួល នាខណ្ឌឫស្សីកែវ។
អតីតតារាសម្តែងប្រុសល្បីឈ្មោះទស្សវត្សរ៍ទី៩០លោក ហង្ស ផល្លីមធុរ៉ា បានទទួលមរណៈភាពក្នុងវ័យ៥២ឆ្នាំ កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ ដោយជំងឺដុះសាច់ក្នុងខួរក្បាល។ ជីវិតតួអង្គ«ស្តេចអាប៉ោង» ក្នុងរឿង «ជើងមេឃដាច់ស្រយាល» ហាក់កម្សត់ជាងតារាប្រុសស្រីល្បីរួមជំនាន់លោក។ អ្វីដែលគួរសង្វែក និងកម្សត់គឺមុនពេលស្លាប់តារាសម្តែងរូបនេះមិនមានទ្រព្យសម្បត្តិសមរម្យទេគឺរស់នៅក្នុងផ្ទះជួលក្រោយពីចាញ់ក្តីអតីតភរិយា។
អ្នកស្រីហ៊ឹម ស្រីលាភ ភរិយាក្រោយលោក ហង្ស ផល្លីមធុរ៉ា បានបញ្ជាក់ថា ស្វាមីអ្នកស្រីបានស្លាប់បាត់បង់ជីវិតព្រោះតែជំងឺដុះសាច់ក្នុងខួរក្បាល ហើយធ្វើទុក្ខខ្លាំងក្នុងរយៈពេល៣ខែនេះ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីកាលពីថ្មីៗនេះ។ អ្នកស្រីថា សពរបស់ស្វាមីអ្នកស្រីនឹងត្រូវរៀបចំធ្វើពិធីបូជានៅវេលាម៉ោង៧ព្រឹកថ្ងៃពុធទី៣ខែសីហានេះ នៅក្នុងបរិវេនវត្តទួល និងជាទីកន្លែងដែលត្រូវធ្វើពិធីបុណ្យសពផងដែរ។ អ្នកស្រីបន្តថា ដើមឡើងសពស្វាមីអ្នកស្រីចង់យកទៅធ្វើបុណ្យនៅខេត្តបាត់ដំបង ប៉ុន្តែដោយសារនៅភ្នំពេញមានសាច់ញាតិខ្លះដែរក៏រៀបចំនៅវត្តខាងលើតែម្តងទៅ។ អ្នកស្រីបន្តថា ក្រោយចាញ់ក្តីអតីតភរិយាស្វាមីអ្នកស្រីមិនមានអ្វីសេសសល់ជាដុំកំភួនទេ គឺរស់នៅដោយការជួលផ្ទះគេតែប៉ុណ្ណោះ។ អ្វីដែលកាន់តែសង្វែកនោះគឺក្រោយរួមរស់ជាមួយនឹងភរិយាក្រោយបានប៉ុន្មានឆ្នាំចុងក្រោយនេះទើបនឹងមានកូនស្រីម្នាក់ដែលទើបមានវ័យ៣ខែប៉ុណ្ណោះដែលសូម្បីតែមុខមាត់កូនក៏លោក ហង្ស ផល្លីមធុរ៉ា មិនបានស្គាល់ច្បាស់ផងព្រោះតែមុនពេលកូនស្រីកើតគឺលោកចាប់ផ្តើមធ្វើទុក្ខក្នុងខ្លួនទៅហើយ។
នៅល្ងាចថ្ងៃទី១ខែសីហានេះដែរ គេសង្កេតឃើញមានវត្តមានសិល្បករមួយចំនួនចូលរួមក្នុងពិធីបុណ្យសពរបស់អតីតតារាសម្តែង លោក ហង្ស ផល្លីមធុរ៉ាផងដែរ មានដូចជាលោក អ៊ឹម ជីវ៉ា អ្នកនាងយុគ្គ ចិន្តា ជាដើម ដែលពួកគេបាននាំយកនូវបច្ច័យមួយចំនួនដែលសិល្បករបានផ្ញើតាមរយៈអ្នកទាំងពីរ។ អាចនឹងមានសិល្បករសិល្បការិនី និងថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ក៏នឹងចូលរួមក្នុងពិធីបុណ្យសពខាងលើនេះផងដែរ៕
ដោយ៖ វឌ្ឍនា