ភ្នំពេញ៖ បញ្ហាបរិស្ថានអាប់អ៊ួរស់នៅជាមួយក្លិនស្អុយអាសោចជារៀងរាល់ថ្ងៃកំពុងតែធ្វើឲ្យអាជីវករលក់ដូរនៅក្នុងផ្សារច្បារអំពៅខឹងសម្បារប្រធានគណៈកម្មាការយ៉ាងខ្លាំងដោយសារតែពួកគាត់បង់លុយកន្លែងលក់ដូររៀងរាល់ថ្ងៃតែមិនព្រមដោះស្រាយផលប៉ះពាល់បរិស្ថាន អនាម័យឲ្យពួកគាត់ឡើយ ហើយក្រុមអាជីវករស្នើសុំឲ្យលោកអភិបាលខណ្ឌនិងលោកអភិបាលរាជធានីជួយដោះស្រាយបញ្ហាបរិស្ថាន អនាម័យនៅក្នុងផ្សារច្បារអំពៅនេះផង ។
នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ នេះអាជីវករលក់ត្រី សាច់ នៅខាងជើងផ្សារច្បារអំពៅដែលទ្រាំរកស៊ីលក់ដូរជាមួយនិងក្លិនស្អុយអសោចហូរចេញពីលូបង្គុនលាយឡំជាមួយនិងលាមកបានរៀបរាប់ដូច្នេះថា ៖ រៀងរាល់ថ្ងៃពួកគាត់ដែលលក់ត្រី សាច់ នៅជួរខាងជើងផ្សារច្បារអំពៅនេះប្រឈមបញ្ហាសុខភាពខ្លាំងណាស់ ដោយសារក្លិនស្អុយអសោចទឹកហូចេញពីលូបង្គន់លាយឡំជាមួយលាមក ដក់ត្រាំត្រែងខួបប្រាំង ខួបវស្សា នៅលើផ្លូវបេតុង សូម្បីតែចូលមកទិញក៏ខ្ពើមដែរ ឥឡូវនេះបាត់អតិថិជនជាបណ្តើរហើយ ចំណែកខាងគណៈកម្មាការផ្សាមិនគិតគូរពីទុក្ខលំបាកដល់អាជីវករសោះ ពូកែខាងដើរប្រមូលលុយក្នុងមួយកន្លែង ៣.០០០រៀលរហូតដល់ជិត១ម៉ឺនរៀលទៅតាមទំហំទីតាំងលក់ដូរ។
ក្រុមអាជីវករបន្តទៀតថា ពេលណាពួកគាត់ស្រុះគ្នាប្តឹងផ្តល់ទើបឃើញមុខខាងគណៈកម្មាការចុះមកជួយសម្រួលបូមទឹកស្អុយចេញ តែមិនអស់នោះទេ គឺទឹកស្អុយនៅតែហូរចេញពីលបង្គន់ដដែល គ្រាន់តែកាត់បន្ថយការលិចទឹកស្អុយបានមួយចំនួន អ្វីដែលសំខាន់ពួកគាត់ស្នើសុំឲ្យអាជ្ញាធររាជធានី-ខណ្ឌជួយអន្តរាគមន៍ករណីករណីនេះផង។
ពាក់ព័ន្ធទៅនិងការលើកឡើងរបស់អាជីវករនេះដែរ លោក គង់ ធែល ប្រធានគណៈកម្មាការផ្សារច្បារអំពៅបានឲ្យដឹងថា បញ្ហាបរិស្ថានអនាម័យនេះគណៈកម្មាការផ្សារបានទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់-ខណ្ឌរួចហើយ ចំពោះបញ្ហាទឹកហូរចេញពីលូបង្គន់គឺផ្តើមចេញពីប្រព័ន្ធលូមានការកកស្ទះ ហូរមិនទាន់ ហើយខាងអាជ្ញាធរកំពុងតែជុំរុញការស្ថាបនាប្រព័ន្ធលូថ្មីជិតរួចរាល់ហើយដូច្នេះសុំបងប្អូនអាជីវករមេត្តាយោគយល់ ។
ចំពោះការលើកឡើងរបស់អាជាជីវករដែលថា បង់លុយប្រចាំថ្ងៃឲ្យទៅខាងគណៈកម្មាការផ្សាកន្លែងខ្លះ ៣.០០០រៀល កន្លែងខ្លះ ៤.០០០រៀល និងកន្លែងខ្លះទៀត ៥.០០០រៀងក្នុង១ថ្ងៃនោះ ត្រូវបានលោក គង់ ធែល ទទួលស្គាល់ថា ពិតជាបង់ឲ្យមែនតែថវិការទាំងនោះយកមកទ្រទ្រង់ដល់គណៈកម្មាការផ្សារសម្រាប់ដោះស្រាយប្រាក់ឧបត្ថម្ភប្រចាំខែដល់សន្តិសុខ និងចំណាយផ្សេងៗ ហើយរាល់ការចំណាយមានឯកសារត្រឹមត្រូវ ៕
ដោយ៖ សណ្ដោស