ភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលនិងរថយន្ត ស្លាប់ភ្លាមៗមួយរំពេច បន្ទាប់ពីជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងយ៉ាងលឿនជ្រុលទៅបុកនិងរថយន្តធន់ធំ សណ្ដោងកុងតឺន័រ ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង២១:៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខបុរីឡាក់ឃីវ័ន ផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ
សមត្ថកិច្ចបានបញ្ចាក់ថា ១,ភាគីម៉ូតូម៉ាក HONDA C125 ព៌ណខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-5275 បើកបរដោយឈ្មោះ ម៉ន ឡាត់ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ផ្ទះលេខ៧ ភូមិបឹងត្របរ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ)។ រីឯ ២,ភាគីរថយន្តធន់ធំ សណ្ដោងកុងតឺន័រ ពាក់ផ្លាកលេខភ្នំពេញ 4A-4746 ( អ្នកបើកបរមិនស្គាល់អត្តសញ្ញា ) បេីករថយន្តគេចពីកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តធន់ធំ សណ្ដោងកុងតឺន័រ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 4A-4746 បានបេីកបរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ខណៈមកដល់ចំណុចកេីតហេតុ រថយន្តធន់ធំខាងលេីបេីកបត់ត្រឡប់ក្រោយ បានបន្តិច គាប់ជួន ក៏មានបុរសរងគ្រោះខាងលេីជិះម៉ូតូលឿនចាប់ហ្វាំងមិនទាន់ផងនោះ ក៏បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យបោកក្បាលនិងរថយន្តបង្ក ដួលបោកនិងថ្នល់ស្លាប់ក្នុងថ្លុកឈាម ។ ភ្លាមៗរថយន្តធន់ធំ សណ្ដោងកុងតឺន័រខាងលេីមិនឈប់នៅកន្លែងកេីតហេតុកេីតហេតុនោះទេ ដោយបន្តដំណេីរគេចបាត់ស្រមោល តែក៏ត្រូវបានពលរដ្ឋថតបានផ្លាកលេខទុកឲ្យសមត្ថកិច្ចធ្វេីការស្រាវជ្រាវផងដែរ ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ រួចធ្វេីកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្នដេីម្បីស្រាវជ្រាវបន្ត និងរករថយន្តបង្កមកដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ