អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ យើងទាំងអស់គ្នាគាំទ្រ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA ដោយហេតុ «៣មាន»!

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា ៖ ជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»នេះ បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖

-៣មាន
ទី១.«មាន»សុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីនតាំងពីដើមមក។
ទី២.«មាន»ការអភិវឌ្ឍ ដោយក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់«មាន»ផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា។
ទី៣.«មាន»ការតភ្ជាប់ ដោយក្លាយពីតំបន់គ្មានសរសៃរឈាមទំនាក់ទំនង ទៅជាតំបន់«មាន»ការតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម។

លោកបន្ត ៖ ការយកប្រធានបទនេះ ធ្វើជាលេសរុញស្ថានការណ៍ឱ្យក្លាយជា«បដិវត្តន៍ពណ៌»ពុំមែនជាសេរីភាពបញ្ចេញមតិ ឬអំពើដែលច្បាប់ការពារនោះទេ គឺជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងរាជរដ្ឋាភិបាលទាំងមូល។

លោកបណ្ឌិតបញ្ជាក់ថា ៖ ក្នុងនាមក្រសួងមហាផ្ទៃ មានតួនាទីគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ស្ថេរភាព និងសុវត្ថិភាពសង្គម បានត្រៀមខ្លួនយ៉ាងអង់អាច ដើម្បីកំទេចកុប្បកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានផែនការគត់មុតទាំងផ្នែករដ្ឋបាលដែនដីចាប់ពីរាជធានីខេត្តដល់ភូមិ។ ផ្នែកកងកម្លាំងជំនាញ តាំងពីអគ្គស្នងការដ្ឋាន ស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍។ ផ្នែកពន្ធនាគារ ចាប់ពីអគ្គនាយកដ្ឋាន រហូតដល់ពន្ធនាគារគ្រប់រាជធានីខេត្ត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print