ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍
ថ្មីៗនេះស្របពេលដែលមជ្ឈដ្ឋានប្រឆាំងមួយចំនួនតូចនៅក្នុងប្រទេស ដែលមានការញុះញង់ គាំទ្រពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បាននិងកំពុងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមបំផុសឱ្យ មានការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្រោមការប្រឌិតលេសចោទប្រកាន់ពាក់ព័ន្ធបញ្ហានឹងបូរណភាពទឹកដី របស់កម្ពុជានៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏មានក្រុមជនអគតិមួយចំនួនទៀត ឆ្លៀត ឱកាស «ដុតឱ្យខ្លោច រោចឱ្យឆៅ» តាមរយៈការធ្វើសកម្មភាពកាត់យកខ្លឹមសារសម្លេង និងវីដេអូ ដែល ខ្ញុំព្រះករុណាខ្ញុំ បានថ្លែងក្នុងព្រឹត្តិការណ៍សាធារណៈនានា នាពេលកន្លងមកនៅក្នុងនីតិកាលមុនៗ នៃរដ្ឋសភា មកផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីបម្រើឱ្យគោលបំណងទុច្ចរិតរបស់ខ្លួន ក្នុងការបំបែក បំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យ មកលើ ជំហររបស់ខ្ញុំព្រះករុណាខ្ញុំ ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការដឹកនាំប្រទេស និងការការពារផលប្រយោជន៍ជាតិ និងប្រជាជន ។
វិធីសាស្ត្រដដែលៗបង្កប់ដោយល្បិចកលពុតត្បុតនេះ មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និង ក្រៅប្រទេសធ្លាប់បានប្រើប្រាស់ច្រើនលើកច្រើនសារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការប៉ុនប៉ងបំបែក បំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដូច បានគូសបញ្ជាក់ខាងលើ ។ យើងតែងកត់សម្គាល់ឃើញថា ក្នុងដំណើរវិវត្តនៃនយោបាយកម្ពុជាពីមួយ ដំណាក់កាលទៅមួយដំណាក់កាល មជ្ឈដ្ឋានប្រឆាំងទាំងនោះតែងឆ្លៀតឱកាសកេងចំណេញនយោបាយ ដោយព្យាយាមប្រឌិតព្រឹត្តិការណ៍នានា ដើម្បីទាញការចាប់អារម្មណ៍ និងធ្វើប្រជាភិថុតលើបញ្ហាផ្សេងៗ ដូចជា បញ្ហាព្រំដែនជាមួយប្រទេសជិតខាង, បញ្ហាសិទ្ធិមនុស្ស, បញ្ហាសិទ្ធិការងារ, សហជីព, និងអង្គការ សង្គមស៊ីវិល ជាដើម ក្នុងគោលដៅបង្កភាពវឹកវរក្នុងសង្គម និងបន្សាបប្រសិទ្ធភាពការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ។
ទោះបីប្រឈមមុខនឹងព្រឹត្តិការណ៍ទាំងនេះយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែបន្ត ប្រកាន់ខ្ជាប់ភាពចាស់ទុំខាងនយោបាយ និងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះរបស់ខ្លួន ដោយបាន ជម្នះឧបសគ្គរាប់មិនអស់នៅក្នុងសមរភូមិនយោបាយ និងបន្តរក្សាបានយ៉ាងរឹងមាំនូវឯកភាព និងសាមគ្គីភាព ផ្ទៃក្នុង តាមរយៈការតម្កល់ឧត្តមប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និងប្រជាជន ហើយខ្ញុំព្រះករុណាខ្ញុំផ្ទាល់ បានចូលរួម ជាមួយឥស្សរជនដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជាអស់រយៈពេលជាង៥០ឆ្នាំមកហើយ បម្រើក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ ។
ចំពោះការវិវត្តចុងក្រោយ ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងការ កសាងព្រែកជីកហ្វូណនតេជោ ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេន និងជម្រាបជូនថា ខ្ញុំព្រះករុណាខ្ញុំក៏បានចូលរួម ចំណែកក្នុងដំណើរការអនុវត្ត និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំកិច្ចការទាំងនេះ ជាមួយ ថ្នាក់ដឹកនាំកំពូល និងឥស្សរជនដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលអាណត្តិមុនៗ ហើយខ្ញុំព្រះករុណាខ្ញុំក៏នៅតែបន្តគាំទ្រចំពោះសមិទ្ធផល និងគម្រោងប្រវត្តិសាស្ត្រទាំងនេះជាបន្តទៀត ។ ដូចធ្លាប់បានបញ្ជាក់ច្រើនលើកច្រើនសាររួចមកហើយ ជំហររបស់ខ្ញុំព្រះករុណាខ្ញុំចំពោះគណបក្សប្រជាជន កម្ពុជា និងរាជរដ្ឋាភិបាល គឺពុំមានអ្វីប្រែប្រួលនោះទេ ។ ខ្ញុំព្រះករុណាខ្ញុំនៅតែបន្តចូលរួម និងគាំទ្រឥតងាករេ ចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងបន្តជួយគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីសម្រេចនូវរបៀបវារៈនយោបាយដែលបានដាក់ចេញក្នុងបុព្វហេតុ ជាតិ និងប្រជាជនកម្ពុជា ។
ក្នុងស្មារតីនេះ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជន កម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកល ញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបំពេញមហិច្ឆតា របស់ខ្លួន ដោយមិនគិតអំពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លង ទុក្ខលំបាកវេទនារាប់មិនអស់រួចមកហើយ នៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា នៃល្បែងនយោបាយ លាបពណ៌ ញុះញង់ និងបំបែកបំបាក់ ។
ខ្ញុំព្រះករុណាខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមមានជំនឿទុកចិត្ត និង គាំទ្រមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុង ការដោះស្រាយបញ្ហាជាតិ និងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ហើយខ្ញុំព្រះករុណាខ្ញុំសូម គាំទ្រការប្រើវិធានការច្បាប់ម៉ឺងម៉ាត់ក្នុងការបង្ការ និងទប់ស្កាត់ឱ្យបានជាដាច់ខាតរាល់ចេតនាប៉ុនប៉ងបង្ក អសន្តិសុខ និងអស្ថិរភាពជាតិ ដើម្បីធានាដល់សុខសន្តិភាព និរន្តរភាពជាតិ និងការអភិវឌ្ឍប្រកបដោយ ចីរភាព ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាយើងគ្រប់ៗរូប ៕