ព្រឹត្តិការណ៍រដ្ឋប្រហារ ថ្ងៃ១៨មីនា ឆ្នាំ១៩៧០ និងថ្ងៃ១៨សីហា ឆ្នាំ២០២៤ ! បុគ្គលឈ្មោះ ហៃ វណ្ណា បានប្រកាសរំសាយការធ្វើបាតុកម្មនៅថ្ងៃទី១៨សីហានេះវិញហើយ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី១៨មីនាឆ្នាំ១៩៧០ គ្រូបង្រៀនមួយចំនួនបានចាប់ផ្ដើមបាតុកម្មនៅសាលាយុគន្ធរ រាជធានីភ្នំពេញដែលឈានទៅទម្លាក់រាជបល្ល័ង្កព្រះករុណាសម្តេចព្រះនរោត្តមសីហនុ ហើយនាំប្រទេសកម្ពុជាអោយធ្លាក់ចូលរបបប្រល័ពូជសាស្ត្រប៉ុលពត។

របបនេះបានលុបបំបាត់ខឿនផលិតកម្មជាតិនិងសាសនា ហើយសម្លាប់ប្រជាពលរដ្ឋខ្មែរជាង២លាននាក់ ធ្វើអោយគ្រប់ក្រុមគ្រួសារខ្មែរបាត់បង់ឪពុក ម្តាយ បងប្អូន ដែលស្ទើរតែឈាមដាបពោះដំរី។

សម្តេចតេជោ ហ៊ុន សែន បានធ្វើពលិកម្មដោយយកអាយុជីវិតជាច្រើនលើកច្រើនសារទៅប្តូរដើម្បីបញ្ចប់សង្គ្រាម ដើម្បីខ្មែរមានសន្តិភាពនិងការអភិវឌ្ឍន៍ឡើងវិញ។

សម្តេចតេជោ បានឆ្លងព្រំដែនខាងកើតប្រកបដោយគ្រោះថ្នាក់ទៅសុំជំនួយពីប្រជាពលរដ្ឋវៀតណាមដើម្បីរំដោះប្រជាពលរដ្ឋខ្មែរពីមាត់រណ្តៅ។

ក្រោយពេលការបោះឆ្នោតដែលរៀបចំដោយអ៊ុនតាក់នៅឆ្នាំ១៩៩៣ មិនអាចបញ្ចប់សង្គ្រាមស៊ីវិលបាន សម្តេចតេជោ បានយកជីវិតទៅប្តូរយកសន្តិភាពទៀត ដោយចូលរូងខ្លា ដើម្បីកម្ទេចអង្គការចាត់តាំងខ្មែរក្រហម។

នៅទីបំផុតនៅឆ្នាំ១៩៩៨ ខ្មែរបានស្គាល់រសជាតិសន្តិភាព ហើយមានពេលវេលា និងទំនេរដៃចាប់ផ្តើមអភិវឌ្ឍន៍ប្រទេស ដែលធ្វើអោយខ្មែរទទួលបានការរីកចំរើនរហូតមកដល់សព្វថ្ងៃ។

បាត់សម្លេងផ្ទុះអាវុធ រយៈពេល៣៧ឆ្នាំមកនេះ សេដ្ឋកិច្ចខ្មែរកើនឡើង ជីវភាពប្រជាពលរដ្ឋខ្មែរសម្បូណ៌សប្បាយ ដែលធ្វើអោយសម្តេចតេជោ ហ៊ុន សែន បង្កើតពាក្យស្លោកមួយឡើងគឺ «អរគុណសន្តិភាព»។

សម្តេចតេជោបានប្រកាសថា ទោះតម្លៃណាក៏ដោយ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ដាច់ខាតការពារ «សន្តិភាព» នេះអោយខាងតែបាន។

ស្រាប់តែថ្ងៃទី១៨សីហាឆ្នាំ២០២៤នេះ មានក្រុមប្រឆាំងមួយក្តាប់តូច ប្រកាសចង់បំផ្លាញសន្តិភាពនេះទៅវិញ។ ដោយគ្មានអ្វីអាចសម្រេចមហិច្ចតាផ្តួលរំលំរដ្ឋាភិបាលដែលកើតឡើងដោយការបោះឆ្នោតបាន ក្រុមប្រឆាំងពីក្រៅប្រទេសនេះ បានយកលេសបញ្ហាព្រំដែន បញ្ហាកិច្ចព្រមព្រៀង CLV ដើម្បីអូសទាញប្រជាពលរដ្ឋស្លូតត្រង់អោយចូលធ្វើបាតុកម្ម ក្នុងទម្រង់បដិវត្តន៍ពណ៌ដោយផ្គើននឹងច្បាប់ដែលផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅអស់មួយជីវិតចំពោះអ្នកបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ។

បុគ្គលឈ្មោះ ហៃ វណ្ណា មេដឹកនាំបាតុកម្ម ដែលកំពុងរស់នៅប្រទេសជប៉ុន បានស្រែកប្រកាសធ្វើបាតុកម្ម ដោយអំពាវនាវអោយក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណាដុតអោយសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ។ បុគ្គលនេះថែមទាំងប្រកាស ថាបើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ។

ជាការឆ្លើយតប លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំពង្រាយកម្លាំងទាំងអស់ត្រួតពិនិត្យយ៉ាងតឹងរឹងក្រុមមនុស្សចល័តគោលដៅចូលរាជធានីភ្នំពេញ។

ទន្ទឹមនេះ កាលពីថ្ងៃទី១៧ ខែសីហា ម្សិលមិញនេះ លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស បានចុះទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលការធ្វើលំហាត់ហ្វឹកហ្វឺន ក្បួនបង្ក្រាបបាតុកម្ម សម្រាប់បង្ក្រាប ការធ្វើបាតុកម្មហិង្សា ដែលបង្កអោយមានការចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា និងការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយព័ត៌មានទទួលបានចុងក្រោយនេះ គឺ បុគ្គលឈ្មោះ ហៃ វណ្ណា បានប្រកាសរំសាយការធ្វើបាតុកម្មនៅថ្ងៃទី១៨សីហានេះវិញហើយ ដោយបញ្ជាក់ហេតុផលថា ដោយសារគម្រោងការនិងល្បិចកលធ្វើបាតុកម្មហិង្សានេះ ត្រូវបានបែកធ្លាយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print