អ្នកទោស 11 នាក់បានស្លាប់នៅក្នុងការរត់គេចពីពន្ធនាគារនៅទីក្រុងឆ្នេរសមុទ្រ Saint-Marc នៅកណ្តាលប្រទេសហៃទី។
នេះគឺជាឧបទ្ទវហេតុទីបីដែលបានកត់ត្រាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅក្នុងបរិបទនៃអំពើហិង្សារបស់ក្រុមក្មេងទំនើង ដែលបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏យូរ។
អាជ្ញាធរបានប្រកាសថា ការបំបែកពន្ធនាគារបានកើតឡើងនៅថ្ងៃទី ១៦ ខែសីហា (ម៉ោងក្នុងតំបន់) នៅពន្ធនាគារដែលមានអ្នកទោសប្រមាណ ៥៤០នាក់។ កងកម្លាំងសន្តិសុខបានធ្វើឱ្យស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង ប៉ុន្តែអ្នកស្រុកនៅតែត្រូវបានណែនាំឱ្យរក្សាការប្រុងប្រយ័ត្ន ខណៈដែលអ្នកទោសមួយចំនួនបានរត់គេចខ្លួន។
“ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង ប៉ុន្តែផលវិបាកគឺធ្ងន់ធ្ងរ។ លើកលែងតែបន្ទប់ពន្ធនាគារ អន្តេវាសិកដ្ឋាន និងបណ្ណសាររបស់ប៉ូលិសត្រូវបានដុតបំផ្លាញទាំងអស់”។
លោក Michel Ange Louis Jeune អ្នកនាំពាក្យប៉ូលិសជាតិហៃទីបានបញ្ជាក់ថា អ្នកទោស១១នាក់ដែលចូលរួមក្នុងការរត់គេចខ្លួនបានស្លាប់ក្នុងការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ។ អ្នកនាំពាក្យមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម រួមទាំងចំនួនអ្នកទោសដែលបានរត់គេចខ្លួន។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters វីដេអូដែលមិនត្រូវបានផ្ទៀងផ្ទាត់ដែលផ្សព្វផ្សាយតាមអុីនធឺណិតបង្ហាញមនុស្សឡើងជញ្ជាំង ផ្សែងហុយចេញពីតំបន់ដែលហ៊ុមព័ទ្ធដោយរបងលួសបន្លា និងការផ្ទុះយ៉ាងខ្លាំង និងភ្លើង។
អាជ្ញាធរមូលដ្ឋានបានប្រកាសថា ការបំបែកពន្ធនាគារគឺទាក់ទងនឹងការតវ៉ាដោយឯកឯង។ មូលហេតុគឺអ្នកទោសមិនត្រូវបានផ្តល់អាហារ ដូច្នេះពួកគេប្រឈមនឹងសុខភាពខ្សោយ។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ គិតត្រឹមដំណាច់ខែមិថុនាឆ្នាំនេះ ពន្ធនាគារនៅប្រទេសហៃទីបានឃុំខ្លួនមនុស្សជាង 7,500 នាក់ ពោលគឺធ្លាក់ចុះពីជិត 12,000 ករណី បន្ទាប់ពីក្រុមឧក្រិដ្ឋជនបានដោះលែងអ្នកទោសរាប់ពាន់នាក់ពីពន្ធនាគារធំបំផុតពីររបស់ប្រទេសកាលពីដើមខែមីនា៕ ដោយធីរីណា
រូបថត: Reuters