កណ្តាល៖ បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូឌុបគ្នាមកពីស្រុក បណ្តាលឲ្យដួលខ្ទាតចូលទៅកណ្តាលផ្លូវ គ្រានោះរថយន្តទៅដល់បុកហើយកិនស្លាប់តែម្តង កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1E-3001 បើកបរដោយឈ្មោះប៉ុល ផេង ភេទប្រុស អាយុ៣៦ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរមានឈ្មោះភូត ជាក់ ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ។
រថយន្តដែលបុកជនរងគ្រោះពីក្រោយម៉ាកហ៉ឺយ៉ាន់ដាយ ពណ៍ទឹកមាស ពាក់ស្លាកលេខក្រុងព្រះសីហនុ3A-2320 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។
លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលគ្រោះថ្នាក់ជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញស្របទិសគ្នាជាមួយរថយន្ត មកដល់កន្លែងកើតហេតុស្រាប់តែអ្នកបើកម៉ូតូបានក្រឡាច់កង់ជាមួយគែមផ្លូវជាតិបណ្តាលអោយដួលចូលទៅកណ្តាលផ្លូវ គ្រានោះរថយន្តដឹកទំនិញបើកមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏កិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ។
ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ ដោយឡែកមធ្យោបាយទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖ សណ្តោស