ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា៖ មនុស្ស៣១នាក់របស់ក្រុមប្រឆាំងជ្រុលនិយម ក្នុងនោះស្រី២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួន ពាក់ព័ន្ធនឹងផែនការធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ដោយចង់ធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានបំផ្លាញទាំងស្រុងហើយ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងបញ្ជាក់ដូច្នេះថា៖ «ផែនការកុបកម្មរបស់ក្រុមអគតិប្រឆាំងជ្រុលនិយម ត្រូវបានបំផ្លាញតាមរយៈកិច្ចសហការចាត់វិធានការយ៉ាងតឹងរឹងប្រកបដោយស្មារតីប្រុងប្រយ័ត្ន មានភាពបត់បែនរស់រវើក និងស្របតាមច្បាប់ ដោយមិនបណ្តោយឲ្យក្រុមទុច្ចរិតទាំងនោះធ្វើសកម្មភាពបំផ្លាញភាពសុខសាន្តរបស់សង្គមជាតិ។ ជាក់ស្តែង តាមរយៈការអនុវត្តផែនការប្រឆាំងអំពើកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលកំណត់ធ្វើសកម្មភាពនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឆែកឆេរ និងឃាត់ខ្លួនសមាជិក សកម្មជននៃក្រុមកុបកម្មចំនួន ៣១នាក់ (ស្រី ២នាក់) ដែលបានធ្វើសកម្មភាពតាមផែនការរបស់ពួកគេក្នុងការប្រមូលកម្លាំងនៅតាមគោលដៅដែលបានកំណត់ និងដកហូតបាននូវសម្ភារ វត្ថុតាងមួយចំនួន (ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូនិងគ្រាប់ដែក) សម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។ ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់»។
ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍ប្រកបដោយគតិបណ្ឌិតចំពោះផែនការ ឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងមុតស្រួច ព្រមទាំងមានការចង្អុលដឹកនាំដ៏ម៉ឺងម៉ាត់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈបញ្ជាការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះសម្រាប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រួមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដាក់ចេញនូវផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ បំបាត់ប្រសិទ្ធភាពរាល់ឧបាយកល សកម្មភាពបង្កអសន្តិសុខប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយធានាបានសុវត្ថិភាពគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាប្រក្រតីភាពនៃសកម្មភាព ជីវភាពប្រជាពលរដ្ឋ និងសង្គម។
ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ប្រឆាំងនឹងអំពើវិទ្ធង្សនា បង្កអសន្តិសុខ ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសអរគុណចំពោះប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដែលយល់ដឹងអំពីគុណតម្លៃសន្តិភាព គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទៈរាស្រ្ត និងមិនចូលរួមក្នុងសកម្មភាពបំផ្លិចបំផ្លាញជាតិជាមួយពួកក្រុមជ្រុលនិយមអគតិទាំងនេះ។
បន្ថែមពីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស សូមកុំចាញ់បោកនូវឧបាយកលនយោបាយទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែយកប្រជាពលរដ្ឋមកធ្វើជាឧបករណ៍ ដោយមិនគិតពីអាយុជីវិត ការលំបាករបស់ប្រជាពលរដ្ឋ បម្រើឲ្យមហិច្ឆិតាខ្មៅកខ្វក់របស់ក្រុមបក្ខពួកខ្លួន ដើម្បីដណ្តើមអំណាចផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕ដោយ៖តារា