ភ្នំពេញ៖ សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ មានអាខោនតិកតុក (TIKTOK) មួយចំនួនរបស់ក្រុមជ្រុលនិយម បានផ្សព្វផ្សាយយករូបភាពវីដេអូចាស់ការធ្វើបាតុកម្មកាលពីឆ្នាំ២០១៣ យកមកផុសបង្ហោះឡើងវិញបង្កើតជាព្រឹត្តិការណ៍ថ្មីក្លែងក្លាយ ក្នុងគោលបំណងបំភ្លៃបំផ្លើសព័ត៌មានខុសពីការពិត ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ឱ្យសម្រេចបានតាមផែនការទុច្ចរិតពិសពុលរបស់ក្រុមជ្រុលនិយមក្នុងការញុះញង់បង្កឱ្យកើតមានចលាចលក្នុងសង្គម។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វើការបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា៖ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញចាប់ពីព្រឹកព្រលឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ រហូតមកដល់រសៀលថ្ងៃដដែល គឺពុំមានបាតុកម្មតវ៉ាណាមួយក្នុងរាជធានីភ្នំពេញនោះទេ ប្រជាពលរដ្ឋធ្វើដំណើរប្រកបមុខរបររកស៊ីជាធម្មតា មិនមានអ្វីកើតឡើងនោះឡើយ។
សូមឱ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ ធានាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។
សូមធ្វើការថ្កោលទោសដាច់អហង្ការចំពោះក្រុមជនអគតិតែងតែមានគំនិតទុច្ចរិតផ្សព្វផ្សាយព័ត៌មានមិនពិតញុះញង់បង្កចលាចលសង្គម និងបានឱ្យសមត្ថកិច្ចជំនាញស្រាវជ្រាវជាបន្ទាន់នាំជនអគតិទាំងនេះយកមកអនុវត្តតាមផ្លូវច្បាប់៕ដោយ៖តារា